(ប៉េកាំង)៖ ប្រធានាធិបតី​ចិន​លោក​ Xi Jinping បាន​ថ្លែង​ថា​ ប្រទេស​ចិននិង​រុស្ស៊ី​ ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាពក្នុងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ​និង​តំបន់។​ នេះ​បើ​យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក​ Xi បាន​ថ្លែង​បែប​នេះ ​ក្នុង​ជំនួប​ជាមួយ​លោក​ Sergei Shoigu លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​ ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សុក្រ។

នាឱកាសនោះ លោក​ Xi បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​គ្រប់​កម្រិត​ ដោយ​បន្ថែម​ថា​ ចិន​និង​រុស្ស៊ី​នឹង​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ «របៀបវារៈ​សំខាន់ៗ​ជា​បន្ត​បន្ទាប់»។

គួរបញ្ជាក់ថា ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ជា​មួយ​លោក​ Shoigu កាល​ពី​ថ្ងៃ​សុក្រ​ដដែល​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ Wang Yi បាន​បញ្ជាក់​ថា​ ទំនាក់​ទំនង​ចិន-រុស្ស៊ី​ នឹង​នៅ​តែ​ «រឹងមាំ​និង​មិន​អាច​រង្គោះរង្គើ​បាន»៕