(មូស្គូ)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានកោតសរសើរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានគោលដៅប្រកបដោយការត្រិះរិះត្រឹមត្រូវ ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែបានស្តីបន្ទោស​ក្រុមប្រទេសមហាអំណាចអឺរ៉ុប ដែលនៅតែបន្តនាំគ្នាគាំទ្រគោលជំហររបស់ទីក្រុងកៀវ ថាកំពុងព្យាយាមអូសបន្លាយជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Lavrov បាននិយាយថា សហរដ្ឋអាមេរិកនិងរុស្ស៉ី មុខជានឹងមិនអាចយល់ស្របគ្នាលើរឿងគ្រប់យ៉ាងនោះទេ ប៉ុន្តែភាគីទាំងពីរ ឯកភាពគ្នាប្រកាន់ភាពប្រាកដនិយម នៅពេលមានផលប្រយោជន៍រួម។ លោកប្រមុខការទូតរុស្ស៉ី បានបន្តថា រុស្ស៉ីនិងអាមេរិកគួរតែ​កសាងទំនាក់ទំនងមួយ ដើម្បីធ្វើរឿងជាច្រើនដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងមិនបណ្តោយឱ្យការខ្វែងគំនិតគ្នាផ្សេងៗ រាលដាលក្លាយទៅជាសង្រ្គាម។

លោក Lavrov បានលើកឡើងទៀតថា «លោក ដូណាល់ ត្រាំ គឺជាបុគ្គលប្រាកដនិយម។ ពាក្យស្លោករបស់លោក គឺសុភនិច្ឆ័យ។ ដូចដែលគ្រប់គ្នាឃើញយ៉ាងដូច្នោះ គឺវាមានន័យថា ការផ្លាស់ប្តូរទៅរកវិធីសាស្រ្តធ្វើការងារខុសពីរាល់ដង។ ប៉ុន្តែគោលដៅនៅតែដដែល គឺ MAGA (ពាក្យស្លោកនយោបាយរបស់លោក ត្រាំ មានន័យថា ធ្វើឱ្យអាមេរិកអស្ចារ្យសាជាថ្មី)។ ប្រការនេះផ្តល់នូវចរិតលក្ខណៈមនុស្សរស់រវើកមួយ ទៅក្នុងនយោបាយ។ ហេតុនេះហើយ ទើបវាជារឿងគួរឱ្យចាប់អារម្មណ៍មួយ ក្នុងការធ្វើការជាមួយលោក ត្រាំ»

ដោយឡែក លោក Lavrov បានរិះគន់អឺរ៉ុបថា ក្នុងរយៈពេលប្រមាណ៥០០ឆ្នាំចុងក្រោយនេះ អឺរ៉ុបគឺជាដើមចម នៃសោកនាដកម្មនានារបស់ពិភពលោក រួមមានទាំងការធ្វើអាណានិគម, សង្រ្គាមសាសនា, សង្រ្គាមគ្រីមៀ, សង្រ្គាមណាប៉ូឡេអុង, សង្រ្គាមលោកលើកទី១ និងសង្រ្គាមរបស់ Adolf Hitler។ លោក Lavrov បានបន្តថា «ក្រោយអាណត្តិលោក ចូ បៃដិន រដ្ឋបាលថ្មីរបស់អាមេរិក ដែលមានការត្រិះរិះត្រឹមត្រូវ បាននិយាយដោយផ្ទាល់ថា ពួកគេចង់បញ្ចប់សង្រ្គាមនានា ចង់បានសន្តិភាព ប៉ុន្តែអឺរ៉ុបបែរជាទាមទារចង់ឱ្យបន្តសង្រ្គាមទៅវិញ។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាច កាលពីខែមករាមក លោក ត្រាំ បានប្រែក្រឡាស់ជាខ្លាំង នូវគោលនយោបាយអាមេរិក ចំពោះបញ្ហាសង្រ្គាមអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ ព្រមទាំងអនុប្រធានាធិបតីរបស់លោក គឺលោក JD Vance បានទាស់សម្តីគ្នាយ៉ាងខ្លាំង ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំឡុងជំនួបនៅសេតវិមាន។ លោក ត្រាំ បានចោទលោក ហ្សេលេនស្គី ថាមិនគោរពនិងមិនដឹងអរគុណអាមេរិក ហើយថាអ៊ុយក្រែនកំពុងតែចាញ់សង្រ្គាម និងមិនមានសល់សន្លឹកបៀក្នុងដៃទៀតឡើយ។ យ៉ាងណាមិញ បណ្តាមេដឹកនាំនៃក្រុមប្រទេសអឺរ៉ុប បាននាំគ្នាចេញមុខបង្ហាញការគាំទ្រនិងការពារលោក ហ្សេលេនស្គី៕