(ម៉ានីល)៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានអះអាងថា កិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសទាំងពីរ នៅតែរឹងមាំដដែល ទោះបីជាមានការផ្លាស់ប្ដូររដ្ឋបាលនៅសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងវេទិកាសារព័ត៌មាន នៅទីក្រុងម៉ានីលនៅថ្ងៃចន្ទ លោក Jose Manuel Romualdez បានបញ្ជាក់ថា «អ្វីៗទាំងអស់នឹងនៅតែមាន» សំដៅលើការគាំទ្រផ្នែកសន្តិសុខរបស់អាមេរិកដល់ហ្វីលីពីន រាប់ចាប់ពីហិរញ្ញប្បទានយោធា ការល្បាតនៅសមុទ្រចិនខាងត្បូង រហូតដល់ការប្រើប្រាស់ទីតាំងយោធាហ្វីលីពីនដោយកងកម្លាំងអាមេរិក។
លោក Romualdez ក៏បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះការបន្តជំនួយផ្នែកហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក ដោយលើកឡើងពីការបញ្ចេញថវិកា ៥.៣ ពាន់លានដុល្លារដែលជាប់គាំងពីមុន ក្នុងនោះមាន ៣៣៦ លានដុល្លារសម្រាប់ធ្វើទំនើបកម្មកងកម្លាំងសន្តិសុខហ្វីលីពីន។ លោកសង្ឃឹមថានឹងមានថវិកាបន្ថែមទៀតក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីជួយហ្វីលីពីនឲ្យក្លាយជាដៃគូដ៏រឹងមាំរបស់សហរដ្ឋអាមេរិក។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការផ្នែកយោធា លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីលទ្ធភាពនៃការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម «ឱ្យនិងទទួល» ផងដែរ។
ទន្ទឹមនឹងនេះ មន្ត្រីហិរញ្ញវត្ថុហ្វីលីពីនបានឲ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនកំពុងស្វែងរកប្រភពហិរញ្ញប្បទានជំនួសសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ២៩ ដែលមានតម្លៃជាង ៦០០ លានដុល្លារ ដែលអាចនឹងរងផលប៉ះពាល់ដោយសារការបង្កកមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)៕