(យូអិន)៖ បណ្ដាប្រទេសអឺរ៉ុបមួយក្រុម បាននិយាយកាលពីថ្ងៃពុធ ទី៥ ខែមីនាថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស មិនត្រូវមានតួនាទីនៅក្នុងតំបន់ហ្កាហ្សានោះទេ បន្ទាប់ពីកិច្ចប្រជុំ មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីអនាគតរបស់តំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាពីផែនការមួយដែលត្រូវបានអនុម័តកាលពីថ្ងៃអង្គារ ដោយបណ្ដាប្រទេសអារ៉ាប់ដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ និងដាក់ឱ្យតំបន់នេះស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីជំនួសផែនការរបស់លោក ដូណាល់ ត្រាំ ដែលចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់ហ្កាហ្សា និងជម្លៀសប្រជាជនប៉ាឡេស្ទីនក្នុងតំបន់នេះ ទៅកាន់កន្លែងផ្សេង។

ដោយនិយាយជួសមុខឱ្យបារាំង ចក្រភពអង់គ្លេស ដាណឺម៉ាក ក្រិក និងស្លូវវេនី មន្ត្រីការទូតបារាំង លោក Jay Dharmadhikari បានសង្កត់ធ្ងន់ថាផែនការចុងក្រោយមិនត្រូវអនុញ្ញាតឱ្យ ក្រុមហាម៉ាសបន្តគ្រប់គ្រងតំបន់ហ្កាហ្សានោះទេ ហើយក៏មិនត្រូវឱ្យមានការបណ្ដេញ ឬជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងបង្ខំនោះដែរ។ លោក Dharmadhikari បានគូសបញ្ជាក់ដូច្នេះថា «យើងសូមបញ្ជាក់ឱ្យច្បាស់ថារាល់ផែនការណាមួយត្រូវតែមិនមានតួនាទីសម្រាប់ក្រុមហាម៉ាស ត្រូវតែធានាសន្តិសុខអ៉ីស្រាអែល និងមិនត្រូវបណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សា»

គួរបញ្ជាក់ថា ក្រុមហាម៉ាសនៅតែបន្តគ្រប់គ្រងតំបន់ហ្កាហ្សានៅឡើយ បើទោះជាតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមដែលបានផ្ទុះឡើងក្រោយការវាយប្រហាររបស់ក្រុមសកម្ម ប្រយុទ្ធមួយ លើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕