(ស៊ីដនី)៖ ប្រជាជនរាប់ម៉ឺននាក់ រស់នៅភាគខាងកើតនៃប្រទេសអូស្ត្រាលីត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព នៅមុនព្យុះស៉ីក្លូនត្រូពិក Alfred បក់បោកមកដល់ដីគោក នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ខណៈ ព្យុះនេះបាននាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រធំៗ និងខ្យល់បក់ខ្លាំងដែលបណ្ដាលឱ្យដាច់រចន្តអគ្គិសនី ហើយអាកាសយានដ្ឋានមួយចំនួនត្រូវបិទទ្វារបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះស៉ីក្លូនត្រូពិក Alfred បាន និងកំពុងបក់បោកសន្សឹមៗឆ្ពោះទៅកាន់តំបន់ឆ្នេរ ដោយបង្កើនការព្រួយបារម្ភថាព្យុះនេះអាចនឹងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងមានរយៈពេលវែង ខណៈវាត្រូវបានរំពឹងថានឹងប្រែក្លាយជាព្យុះកម្រិតទី២ នៅពេលបក់បោកទៅដល់ភាគខាងជើងនៃទីក្រុង Brisbane ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនលំដាប់ទី៣ ក្នុងប្រទេសអូស្ត្រាលី។ ការិយាល័យឧតុនិយមអូស្ត្រាលី បានឱ្យដឹងថា Alfred បានបក់បោកក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង លើតំបន់ឆ្នេរព្រំដែនរវាងរដ្ឋ Queensland និង New South Wales កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា។

ព្យុះស៉ីក្លូនត្រូពិក Alfred​ នឹងបោកបក់ចុះមកដល់ដីគោក នៅរសៀលថ្ងៃសុក្រ ឬអាចបន្តដល់ព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ដោយឡែក ផ្ទះជាង ២០០០ខ្នង ក្នុងទីក្រុងទេសចរណ៍ Gold Coast កំពុងគ្មានអគ្គិសនីប្រើប្រាស់៕