(សេអ៊ូល)៖ តុលាការ​ក្រុង​សេអ៊ូល ​បាន​លុប​ចោល​ដីកា​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី Yoon Suk Yeol នៅ​ថ្ងៃ​សុក្រនេះ ដោយ​បើក​ផ្លូវ​សម្រាប់​លទ្ធភាព​ដែល​លោក​អាច​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ ខណៈ​ដែល​លោក​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​បះបោរ​ ទាក់ទង​នឹង​ការ​ប្រកាស​ច្បាប់អាជ្ញាសឹក​ក្នុង​រយៈពេល​ខ្លី​មួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តុលាការ​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​នេះ​ផ្អែក​លើ​កត្តា​ពេលវេលា​នៃ​ការ​ចោទប្រកាន់ ដែល​កើតឡើង​បន្ទាប់​ពី​រយៈពេល​ឃុំខ្លួន​ដំបូង​បាន​ផុត​កំណត់ និង​ភាព​មិន​ប្រក្រតី​នៃ​នីតិវិធី​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​ពីរ​ផ្សេង​គ្នា។ ទោះ​ជា​យ៉ាង​ណា ការ​សម្រេច​នេះ​មិន​បាន​ទម្លាក់​ចោល​បទ​ចោទ​ព្រហ្មទណ្ឌ​ ដែល​នាំ​ឱ្យមានការ​ចាប់​ខ្លួន​លោក​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា​នោះ​ទេ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​បណ្តឹង​ចោទប្រកាន់​មួយទៀត ​នៅ​តុលាការធម្មនុញ្ញ​ដែរ។

ក្រុម​មេធាវី​របស់​លោក Yoon បាន​ស្វាគមន៍​សេចក្តី​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា​ជា​ភស្តុតាង​បញ្ជាក់​ថា​ករណី​នេះ​មាន​ចរិត​នយោបាយ។ ពួកគេ​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក Yoon ជា​បន្ទាន់ ទោះ​ដឹង​ថា​អាច​មាន​បណ្តឹង​ឧទ្ធរណ៍​ពី​រដ្ឋអាជ្ញា​ក៏​ដោយ។

ការ​ប្រកាស​សាលក្រម​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រមូលផ្តុំ​ទាំង​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​លោក Yoon នៅ​ទីក្រុង​សេអ៊ូល។ ក្រុម​មេធាវី​ការពារ​ក្តី​បាន​អះអាង​ថា ដីកា​ចាប់​ខ្លួន​មាន​កំហុស​នីតិវិធី ហើយ​ការិយាល័យ​ស៊ើបអង្កេត​អំពើ​ពុករលួយ​ មិន​មាន​សិទ្ធិ​អំណាច​ស៊ើបអង្កេត​លើ​បទ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នោះ​ទេ៕