(ស៉ីដនី)៖ ភ្លៀងធ្លាក់យ៉ាងគំហុកដែលសល់ពីចំហាយព្យុះស៉ីក្លូន Alfred បានជន់លិចតំបន់ឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលី នាថ្ងៃចន្ទ ទី១០ ខែមីនា ខណៈក្រុមកម្មករកំពុងធ្វើការដើម្បីស្តារថាមពលអគ្គិសនីដល់ផ្ទះ និងអាជីវកម្មជាង ២០០ ០០០ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទោះបីជាភ្លៀងបានចុះខ្សោយក៏ដោយ តែអាជ្ញាធរនៅចេញការព្រមានអំពីទឹកជំនន់ និងលក្ខខណ្ឌអាកាសធាតុមិនល្អ នៅទូទាំងឆ្នេរសមុទ្រប្រវែង ៤០០គីឡូម៉ែត្រ ដែលជាប់នឹងរដ្ឋ Queensland និង New South Wales។ តាមការិយាល័យឧតុនិយម ព្យុះត្រូពិចបានទម្លាក់ភ្លៀងកម្រិត ៣០សង់ទីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងកន្លងមក ម៉ោងលើទីក្រុង Brisbane នៃរដ្ឋ Queensland។

ក្រុមហ៊ុនអគ្គិសនី បានឱ្យដឹងថាផ្ទះ និងអាជីវកម្មជាង ២១០ ០០០ នៅតែគ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងរដ្ឋ Queensland និង ១០ ០០០ផ្សេងទៀតនៅក្នុងរដ្ឋ New South Wales។ នៅឯរដ្ឋ New South Wales ក្រុមហ៊ុនអគ្គិសនី Essential និយាយថាការជួសជុលកំពុងដំណើរការនៅទូទាំងតំបន់រងគ្រោះដោយព្យុះ ដោយការតម្លើងបង្គោលភ្លើង និងតខ្សែបណ្តាញឡើងវិញជាដើម។

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី បង្ហាញឱ្យឃើញទឹកជំនន់ជន់លិចផ្លូវមួយចំនួន ក្នុងទីក្រុង Brisbane ដែលមានប្រជាជនចំនួន ២.៥លាននាក់ ជាមួយនិងរថយន្តខ្លះជាប់គាំងនៅពាក់កណ្តាលលិចទឹក ក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕