(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបព្រះអង្គម្ចាស់ Mohammed bin Salman នៅថ្ងៃចន្ទនេះ មុនពេលមានកិច្ចពិភាក្សារវាងក្រុមមន្រ្តីអាមេរិក និងអ៊ុយក្រែន ស្តីពីការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥។

លោក ហ្សេលេនស្គី ត្រូវបានគេរំពឹងថានឹងជួបព្រះអង្គម្ចាស់ bin Salman របស់អារ៉ាប៊ីសាអូឌីតដែលកន្លងមកបានដើរតួនាទី ក្នុងការសម្របសម្រួលផ្សេងៗ ចាប់តាំងពីមានសង្រ្គាមឈ្លានពានរបស់រុស្ស៉ី រួមទាំងការដោះដូរឈ្លើយសឹក និងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សារវាងរុស្ស៉ី និងសហរដ្ឋអាមេរិកកាលពីខែមុន។

នៅថ្ងៃអង្គារនេះ នឹងមានកិច្ចពិភាក្សារវាងមន្ត្រីក្រុមអាមេរិក និងអ៊ុយក្រែន ដែលជាជំនួបផ្លូវការលើកដំបូង ចាប់តាំងពីលោក ហ្សេលេនស្គី និងលោក ត្រាំ មានជម្លោះពាក្យសម្តីនៅឯការិយាល័យរាងពងក្រពើ របស់សេតវិមាន។ កិច្ចពិភាក្សានោះ ទំនងជាផ្តោតលើកិច្ចព្រមព្រៀងរ៉ែទ្វេភាគី និងរបៀបបញ្ចប់សង្រ្គាម។

លោក ហ្សេលេនស្គី បាននិយាយថា លោកនឹងមិនចូលរួមកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិកនោះទេ ហើយថាគណៈប្រតិភូអ៊ុយក្រែន នឹងមានជំនួយការរបស់លោក រដ្ឋមន្ត្រីការបរទេស រដ្ឋមន្រ្តីការពារជាតិ និងមន្ត្រីយោធាកំពូលៗ៕