(ហ្សាការតា)៖ ឥណ្ឌូណេស៊ី និងវៀតណាម កាលពីថ្ងៃចន្ទ ១០ ខែមីនា បានឯកភាពគ្នាលើការធ្វើបច្ចុប្បន្នភាពទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈមេដឹកនាំនៃប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង២ បានជួបគ្នាក្នុងទីក្រុងហ្សាការតា ដើម្បីប្រារព្ធខួបលើកទី៧០ នៃទំនាកទំនងការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បានបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក Prabowo Subianto នៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា។ ថ្លែងនៅឯសន្និសីទសារព័ត៌មាន​បន្ទាប់ពីជំនួប លោក Prabowo បានគូសបញ្ជាក់ថា «យើងបានឯកភាពនៅក្នុងជំនួបរបស់យើងថាយើងចង់ពង្រឹង ទំនាក់ទំនងរបស់យើង កិច្ចសហប្រតិបត្តិការរបស់យើង។ យើងចង់ធ្វើបច្ចុប្បន្នទំនាក់ទំនងរបស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ...ហើយយើងពិតជាចង់ពង្រឹង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យទំាងអស់»

គួរបញ្ជាក់ថា លោក Prabowo បាននិយាយថាលោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលឆាប់ៗ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ តំបន់សេដ្ឋកិច្ចរបស់យើង ដោយសង្កត់ធ្ងន់ថាលោកសង្ឃឹមថាសភាឥណ្ឌូណេស៊ីនឹងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនៅខែមេសាខាងមុខ៕