(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានឱ្យដឹងថា រដ្ឋបាលោក ត្រាំ បានលុបចោលជាង ៨០ភាគរយ និង ៥ ២០០កុងត្រារបស់ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ខណៈដែលក្រសួងរបស់លោក បញ្ចប់ការងារពិនិត្យឡើងវិញលើការចំណាយរបស់ USAID សម្រាប់ជំនួយបរទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ ២០២៥។
តាមរយៈគណនីផ្ទាល់ខ្លួនលើ X លោក Rubio បានលើកឡើងថា ការសម្រេចលុបចោលនេះគឺជាផ្លូវការ បន្ទាប់ពីក្រសួងការបរទេស ត្រួតពិនិត្យឡើងវិញរយៈពេល ៦សប្តាហ៍។ វាបានឆ្លុះបញ្ចាំងថា មានកិច្ចសន្យា ដែលចំណាយលុយអស់រាប់សិបពាន់លានដុល្លារ ដោយមិនចាំបាច់ ហើយក្នុងករណីខ្លះថែមទាំងប៉ះពាល់ដល់ ផលប្រយោជន៍ជាតិស្នូលរបស់អាមេរិកទៀតផង។ លោក Rubio គូសបញ្ជាក់ថា «យើងមានបំណងរក្សាទុកម្មវិធីប្រហែល ១ ០០០ប៉ុណ្ណោះ ដោយឥឡូវនេះត្រូវបានគ្រប់គ្រង កាន់តែមានប្រសិទ្ធភាពនៅក្រោមក្រសួងការបរទេស»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យផ្អាកផ្តល់ជំនួយបរទេសរយៈពេល ៩០ថ្ងៃ ក្រោយចូលកាន់នៅថ្ងៃដំបូង។ ក្រុមជំនួយបានរាយការណ៍ពីភាពច្របូកច្របល់ ខណៈដែលបុគ្គលិករាប់ពាន់នាក់ ត្រូវបានដាក់ឱ្យឈប់សម្រាក ឬបណ្តេញចេញ៕