(ប៉េកាំង)៖ “ចិនពង្រីកការបើកទូលាយ គឺមាននិរន្តរភាពនិងស្ថិរភាព ការរំពឹងទុកបែបនេះមានសារសំខាន់ណាស់ ចំពោះសហគ្រាសទុនបរទេស ហើយក៏ជាមូលដ្ឋានគ្រឹះនៃទីបង្អែក និងជំនឿចិត្តរបស់យើងក្នុងការធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅនៅប្រទេសចិន។ ”ប៉ុន្មានថ្ងៃជាប់មកនេះ លោកស្រី Wang Cong អគ្គនាយករងនៃក្រុមហ៊ុន Novonesisដ៏ល្បីឈ្មោះរបស់ដាណឺម៉ាកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានតាមដានយ៉ាងដិតដល់ចំពោះព័ត៌មានគោលនយោបាយ ដែលបញ្ចេញដោយមហាសន្និបាតនៃសភាទាំងពីររបស់ចិន។
លោកស្រីបានថ្លែងថា របាយការណ៍ការងាររដ្ឋាភិបាលចិន ឆ្នាំនេះបានគូសបញ្ជាក់ថា ត្រូវពូនជ្រំឧស្សាហកម្មអនាគត ដូចជាផលិតកម្មជីវសាស្ត្រជាដើម ដែលបង្ហាញទុកជាមុនថា វិស័យនេះគឺមានលំហអភិវឌ្ឍន៍ធំណាស់។
ការតាមដានយ៉ាងដិត ដល់ចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ចិន ជាវគ្គសិក្សាចាំបាច់សម្រាប់មន្រ្តីគ្រប់គ្រងជាន់ខ្ពស់ នៃសហគ្រាសបរទេសនៅចិនដូចលោកស្រី WangCong អ៊ីចឹង។
គិតមកទល់ចុងឆ្នាំ២០២៤ សហគ្រាសដែលពាណិជ្ជករបរទេសវិនិយោគ និងបង្កើតនៅប្រទេសចិនមានចំនួនលើសពី ១លាន២សែន៣ម៉ឹន៩ពាន់សហគ្រាស បានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន ២០,៦ទ្រីលានយាន់ប្រាក់ចិន។ នៅឆ្នាំ២០២៤ អត្រាផលកម្រៃរបស់សហគ្រាសឧស្សាហកម្មទុនបរទេសធុនមធ្យម និងធំរបស់ចិនគឺខ្ពស់ជាងអត្រាផលកម្រៃរបស់ សហគ្រាសឧស្សាហកម្មធុនមធ្យម និងធំទូទាំងប្រទេសចិនចំនួន១,២ភាគរយ។
របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ បានចាត់ទុក“ការពង្រីកការបើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ និងលំនឹងពាណិជ្ជកម្មជាមួយបរទេស និងលំនឹងការវិនិយោគទុនបរទេស យ៉ាងសកម្ម” ជាភារកិច្ចធំមួយក្នុងចំណោមភារកិច្ចធំៗ ទាំង១០នៃការងាររដ្ឋាភិបាលចិនឆ្នាំ២០២៥ ។ ពីការពង្រីកកន្លែងពិសោធន៍ក្នុងវិស័យទូរគមនាគមន៍ សុខាភិបាល និងការអប់រំជាដើម ដល់លើកទឹកចិត្តឱ្យវិនិយោគិនបរទេសពង្រីក ការវិនិយោគទៀតនិងធានាយ៉ាងប្រាកដប្រជា នូវការផ្តល់ផលអនុគ្រោះដូចគ្នានឹងជនជាតិចិន ដល់សហគ្រាសទុនបរទេស ក្នុងវិស័យជាច្រើន រហូតដល់ការបន្តបង្កើតបរិយាកាស ប្រកបអាជីវកម្មដ៏ល្អប្រសើរ ដែលប្រកបដោយលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម របាយការណ៍បានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ទ្វាររបស់ចិនកំពុងបើកចំហរឹតតែធំ ហើយទីផ្សារទុនបរទេស នឹងមានឱកាសកាន់តែច្រើន។
ឆ្ពោះទៅរក “ការច្នៃប្រឌិតថ្មី” ជាលក្ខណៈពិសេសដ៏ច្បាស់លាស់នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយក៏បានផ្តល់លក្ខខណ្ឌអំណោយផលថ្មី សម្រាប់សហគ្រាសទុនបរទេសធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅនៅប្រទេសចិនដែរ។ ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ ថ្នាក់ដឹកនាំកំពូលរបស់ចិន បានគូសបញ្ជាក់ថា “ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងច្នៃប្រឌិតថ្មីខាងឧស្សាហកម្មជាវិធីសាស្រ្តមូលដ្ឋាន សម្រាប់អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី”។ នេះបានទាក់ទាញការឆ្លើយតបជាទូទៅយ៉ាងទូលំទូលាយ របស់សហគ្រាសទុនបរទេសនៅប្រទេសចិន។ ពួកគេកំពុងរៀបចំយ៉ាងសកម្មនូវ “ផ្លូវប្រកួតថ្មី” និងលើកកម្ពស់កម្លាំងប្រកួតប្រជែង។
សហគ្រាសទុនបរទេសនាំគ្នាជ្រើសរើស ការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន មូលហេតុមិនពិបាកយល់ឡើយ ពោលគឺទីផ្សារទ្រង់ទ្រាយធំ ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិ ងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ល្អពេញលេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ បរិយាកាសច្នៃប្រឌិតថ្មីដ៏ល្អប្រសើរជាបន្តបន្ទាប់ ការផ្គត់ផ្គង់ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដ៏គ្រប់គ្រាន់ និងតម្រូវការប្រើប្រាស់ដែលអាប់ដេតជាបន្តបន្ទាប់។ល។ សម្លឹងមើលទៅកាន់ពិភពលោក ឧត្តមភាពបែបនេះ មិនងាយថតចម្លងបានទេ។ “ការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” ជាការដើរស្របតាមទិសដៅតែមួយផង ហើយក៏ជាការផ្តល់ផលប្រយោជន៍ដល់គ្នាផងដែរ វាពិតជាឱកាសដ៏សមស្រប៕
វិទ្យុមិត្តភាពកម្ពុជាចិន