(ប៉ូឡូញ)៖ ឆ្មាំព្រំដែនប៉ូឡូញ បានចាប់ខ្លួនស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ ដែលត្រូវបានតុលាការប្រទេសកាហ្សាក់ស្ថានកាត់ទោសឲ្យជាប់ពន្ធនាគារ ១២ ឆ្នាំពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរសរីរាង្គមនុស្ស ជាពិសេសគឺការលក់តម្រងនោមចំនួន ៥៦។ នេះបើតាមការប្រកាសរបស់ប៉ូលិស នៅថ្ងៃអង្គារនេះ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ត្រីអាយុ ៣៥ ឆ្នាំរូបនេះ ដែលត្រូវបានគេស្គាល់ត្រឹមឈ្មោះ Ksenia P. ត្រូវបានចាប់ខ្លួននៅច្រកព្រំដែនផ្លូវរថភ្លើងរវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែន ក្រោមដីកាក្រហមរបស់អង្គការប៉ូលិសអន្តរជាតិ (Interpol)។ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាក្រុង Przemysl លោកស្រី Marta Petkowska មិនបានបញ្ជាក់ពីមូលហេតុដែលស្ត្រីរូបនេះ មិនជាប់ពន្ធនាគារនៅកាហ្សាក់ស្ថាននៅពេលចាប់ខ្លួន ឬកាលបរិច្ឆេទនៃការកាត់ទោសនោះទេ។
លោកស្រី Petkowska បានឲ្យដឹងថា ស្ត្រីរូបនេះត្រូវបានប៉ូលិស Interpol តាមចាប់ខ្លួនតាំងពីខែវិច្ឆិកា ឆ្នាំ ២០២០។ ដីកាក្រហមរបស់ Interpol គឺជាសំណើទៅកាន់ស្ថាប័នអនុវត្តច្បាប់នៅទូទាំងពិភពលោកឲ្យចាប់ខ្លួនបុគ្គលម្នាក់ជាបណ្ដោះអាសន្ន ខណៈកំពុងរង់ចាំការធ្វើបត្យាប័ន ឬចំណាត់ការផ្លូវច្បាប់ស្រដៀងគ្នានេះ។
យោងតាមការចោទប្រកាន់ ស្ត្រីរូបនេះបានចូលរួមក្នុងក្រុមឧក្រិដ្ឋកម្មអន្តរជាតិដែលបានប្រមូលជាលិកា និងសរីរាង្គមនុស្សដោយខុសច្បាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ហើយលក់វានៅលើទីផ្សារងងឹត។ នាងត្រូវបានកាត់ទោសពីបទទទួលបានតម្រងនោមដោយខុសច្បាប់ពីជនរងគ្រោះចំនួន ៥៦ នាក់មកពីប្រទេសកាហ្សាក់ស្ថាន អាមេនី អាស៊ែបៃហ្សង់ អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងថៃ។ រដ្ឋអាជ្ញាបានស្នើសុំទៅតុលាការឲ្យឃុំខ្លួនស្ត្រីរូបនេះជាបណ្ដោះអាសន្នរយៈពេលមួយសប្ដាហ៍ ដើម្បីរង់ចាំការធ្វើបត្យាប័នទៅកាន់ប្រទេសកាហ្សាក់ស្ថាន៕