(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានចេញសារព្រមានដល់ប្រជាជនរុស្ស៊ី កុំឲ្យមានសុទិដ្ឋិនិយមជ្រុលពេក ចំពោះសកម្មភាពរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញបញ្ហាអ៊ុយក្រែន ទោះបីជាសកម្មភាពទាំងនោះពេលខ្លះហាក់ដូចជាមានប្រយោជន៍ដល់ទីក្រុងម៉ូស្គូក៏ដោយ។ វិមានក្រឹមឡាំងបានជំរុញឲ្យមានការត្រៀមខ្លួនសម្រាប់ «សេណារីយ៉ូអាក្រក់បំផុត»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្អាកជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់ដល់អ៊ុយក្រែន ក្រោយពីមានជំនួបដ៏តានតឹងរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីខែមុន។ ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ីបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ ក្នុងការរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។
ថ្លែងទៅកាន់ទស្សនិកជន នៅសាលាសេដ្ឋកិច្ចជាន់ខ្ពស់ក្រុងម៉ូស្គូកាលពីថ្ងៃអង្គារ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានដាស់តឿនប្រជាជនរុស្ស៊ីកុំឲ្យ «ពាក់វ៉ែនតាពណ៌ផ្កាឈូក» ទាក់ទងនឹងការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋបាលអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «យើងត្រូវសង្ឃឹមសម្រាប់អ្វីដែលល្អបំផុត ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់អ្វីដែលអាក្រក់បំផុត។ ហើយយើងត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីការពារផលប្រយោជន៍របស់យើង»។
គួរបញ្ជាក់ថា ការព្រមានរបស់លោក Peskov ធ្វើឡើងស្របពេលដែលមន្ត្រីអាមេរិក និងអ៊ុយក្រែនកំពុងជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលមួយផ្នែកមានគោលបំណងកំណត់ថា តើអ៊ុយក្រែនមានឆន្ទៈក្នុងការធ្វើសម្បទានជារូបវន្តដល់រុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមឬយ៉ាងណា។ ប្រសិនបើកិច្ចពិភាក្សាទាំងនេះដំណើរការទៅមុខដោយរលូន ទីក្រុងកៀវសង្ឃឹមថា លោក ត្រាំ អាចនឹងបន្តជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់ពេញលេញឡើងវិញ៕