(វ៉ារស្សាវ៉ា)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលមានគម្រោងចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលយោធាដោយស្ម័គ្រចិត្តទ្រង់ទ្រាយធំចាប់ពីឆ្នាំក្រោយ ដោយកំណត់គោលដៅអ្នកស្ម័គ្រចិត្តចូលរួមចំនួន ១០០,០០០ នាក់ ត្រឹមឆ្នាំ ២០២៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Tusk បានថ្លែងមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកមានសុទិដ្ឋិនិយមថាគោលដៅនេះអាចសម្រេចបាន ហើយថារាល់អ្នកដែលចាប់អារម្មណ៍នឹងអាចចូលរួមក្នុងការបណ្តុះបណ្តាលបានមិនឲ្យលើសពីឆ្នាំ ២០២៦។ លោកបានបន្ថែមថា បន្ថែមពីលើកងទ័ពអាជីព និងកងកម្លាំងការពារដែនដី ប៉ូឡូញត្រូវការកសាងកងទ័ពបម្រុងដ៏រឹងមាំ ហើយកម្មវិធីនេះនឹងរួមចំណែកដល់គោលដៅនោះ។
សេចក្តីប្រកាសនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាល បានគាំទ្រសំណើផ្តល់ការហ្វឹកហ្វឺនយោធាដល់បុរសពេញវ័យទាំងអស់កាលពីសប្តាហ៍មុន ខណៈដែលប្រទេសប៉ូឡូញកំពុងបង្កើនការត្រៀមខ្លួនផ្នែកយោធា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលអាចកើតមានពីប្រទេសរុស្ស៊ី។ ប៉ូឡូញដែលមានព្រំដែនជាប់នឹងអ៊ុយក្រែន បច្ចុប្បន្នចំណាយលើវិស័យការពារជាតិក្នុងសមាមាត្រខ្ពស់ជាងប្រទេសសមាជិកណាតូដទៃទៀត។
ដើម្បីលើកទឹកចិត្តដល់ការចូលរួម លោក Tusk បានលើកឡើងថា រដ្ឋាភិបាលកំពុងពិចារណាផ្ដល់អត្ថប្រយោជន៍បន្ថែមដល់អ្នកស្ម័គ្រចិត្ត ដូចជាលទ្ធភាពទទួលបានប័ណ្ណបើកបរយានយន្តធុនធ្ងន់ក្នុងអំឡុងពេលហ្វឹកហាត់។ លោកបានបញ្ជាក់ថា ជំនាញទាំងនេះនឹងមានប្រយោជន៍ទាំងក្នុងពេលមានសង្គ្រាម និងក្នុងជីវភាពប្រចាំថ្ងៃ។ រដ្ឋាភិបាលក៏កំពុងពិចារណាផ្តល់ការបណ្តុះបណ្តាលជំនាញដល់ក្រុមជំនាញជាក់លាក់ផងដែរ៕