(Reuters)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១១ ខែមីនា បានយល់ព្រមថានឹងចាប់ផ្ដើមផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យអ៊ុយក្រែនឡើងវិញ បន្ទាប់ពីមានកិច្ចពិភាក្សាមួយជាទីដែលទីក្រុងកៀវបាននិយាយថាខ្លួននឹងទទួលយកសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាម សេចក្ដីថ្លែងការណ៍រួមមួយរវាងប្រទេសទាំង២ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនសំណើទៅកាន់រុស្ស៉ី ហើយថាការសម្រេចចិត្តយ៉ាងណាគឺអាស្រ័យលើទីក្រុងមូស្គូ។ លោក Rubio បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចពិភាក្សាជាង៨ម៉ោង ជាមួយភាគីអ៊ុយក្រែនក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះថា «យើងសង្ឃឹមថារុស្ស៉ីនឹង ផ្ដល់ចម្លើយយល់ព្រម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះទើបយើងអាចចាប់ផ្ដើមដំណាក់កាលទី២ ដែលជាកិច្ចចរចាពិតប្រាកដ»។
ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងពេញលេញមួយទាំងជាមួយរុស្ស៉ី និងអ៊ុយក្រែន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែអ្វីដែល សំខាន់នៅពេលនេះ គេត្រូវរង់ចាំមើលសិនថាតើរុស្ស៉ីនឹងផ្ដល់ចម្លើយបែបណា?
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ក៏បាននិយាយដែរថាលោកនឹងអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ទៅកាន់សេតវិមានសាជាថ្មី ហើយក្នុងថ្ងៃដដែលនោះក្រុមមន្ត្រីអ៊ុយក្រែនបានអះអាងថាការផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ពីសហរដ្ឋអាមេរិកបានចាប់ផ្ដើមឡើងវិញ៕