(Reuters)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាអ៉ីរ៉ង់នឹងមិនចរចាជាមួយសហរដ្ឋអាមេរិក ក្រោមការសម្លុតគំរាមនោះទេ ហើយបានប្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ធ្វើអ្វីក៏ធ្វើទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការដកស្រង់សម្ដីចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី១១ ខែមីនា លោក Pezeshkian បានគូសបញ្ជាក់ថា «វាជារឿងមិនអាចទទួលយកបានសម្រាប់ពួកយើង ដែលពួកគេ (សហរដ្ឋអាមេរិក) ដាក់បទបញ្ជា និងសម្លុតគំរាម។ ខ្ញុំនឹងមិនចរចាជាមួយអ្នកនោះទេ ហើយអ្នកឯងចង់ធ្វើអ្វីក៏ធ្វើទៅ»។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បានលើកឡើងដែរថាទីក្រុងតេហេរ៉ង់នឹងមិនឱ្យគេធ្វើបាប ឬបង្ខំឱ្យចូលតុចរចាឡើយ មួយថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថាលោកបានបញ្ជូនលិខិត មួយ ដោយជំរុញឱ្យអ៉ីរ៉ង់ត្រឡប់មករកតុចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។

គួរបញ្ជាក់ថា ខណៈបង្ហាញពីបំណងបើកចំហកិច្ចចរចាជាមួយអ៉ីរ៉ង់ លោក ត្រាំ បានចាប់ផ្ដើមឡើងវិញនូវការដាក់សម្ពាធជាអតិបរមាប្រឆាំងទីក្រុងតេហេរ៉ង់ ដែលលោកធ្លាប់បានអនុវត្តកាលពី អាណត្តិទី១ជាប្រធានាធិបតីអាមេរិករបស់លោក ក្នុងការប៉ុនប៉ងធ្វើឱ្យអ៉ីរ៉ង់ឯកោពីសេដ្ឋកិច្ចពិភពលោក និងកាត់ផ្ដាច់ការនាំចេញប្រេងរបស់អ៉ីរ៉ង់ឱ្យដល់កម្រិតស្មើសូន្យ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox Business កាលពីសប្ដាហ៍មុន ក៏បានព្រមានដែរថាអ៉ីរ៉ង់មានជម្រើស២ត្រូវជ្រើសរើសថាតើចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិកដោយយោធា ឬកិច្ចព្រមព្រៀង៕