(ព្រុចសែល)៖ នៅថ្ងៃពុធ ទី១២ ខែមីនា គណៈកម្មការអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ថា សហភាពអឺរ៉ុប (EU) នឹងដំឡើងពន្ធលើ​ទំនិញរបស់សហរដ្ឋអាមេរិក គិតជាទឹកប្រាក់ស្មើនឹង ២៦ពាន់លានអឺរ៉ូ ឬ២៨.៣៣ពាន់លានដុល្លារ ចាប់ពីខែក្រោយទៅ ដើម្បីឆ្លើយតបការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងបញ្ចប់វិញនូវការផ្អាកបច្ចុប្បន្ន នៃចំណាត់ការដំឡើងពន្ធលើផលិតផលអាមេរិកនៅថ្ងៃទី១ ខែមេសា ហើយក៏នឹងបញ្ចេញកញ្ចប់ថ្មីនៃវិធានការឆ្លើយតប លើទំនិញអាមេរិក នៅពាក់កណ្តាលខែមេសា ផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ចំណាត់ការនេះ គឺត្រូវគ្នាជាមួយវិសាលភាពសេដ្ឋកិច្ច នៃវិធានការពន្ធរបស់អាមេរិក ប៉ុន្តែលោកស្រី បានសង្កត់ធ្ងន់ដូច្នេះថា «យើងត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចសន្ទនាប្រកបដោយអត្ថន័យ។ ខ្ញុំបានផ្តល់ការទុកចិត្តឱ្យតំណាងពាណិជ្ជកម្ម លោក Maros Sefcovic បន្តកិច្ចពិភាក្សារបស់លោក ដើម្បីស្វែងរកដំណោះស្រាយប្រសើរជាងនេះ ជាមួយសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ការដំឡើងពន្ធ២៥ភាគរយ របស់លោក ត្រាំ លើផលិតផលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដែលនាំចូលទៅ​សហរដ្ឋអាមេរិក បានចូលជាធរមានជាផ្លូវការ នៅថ្ងៃពុធនេះ៕