(អូតាវ៉ា)៖ មន្ត្រីកាណាដាម្នាក់បាននិយាយថា​ ប្រទេស​កាណាដា​នឹង​ប្រកាស​ដាក់​ពន្ធ​សងសឹក​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​ ​ដែល​មាន​តម្លៃ​រហូត​ដល់ ២៩.៨ ពាន់​លាន​ដុល្លារ​កាណាដា (C$) នៅ​ថ្ងៃ​ពុធ​នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំណាត់ការ​នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​ពី​កាណាដា។

ពន្ធ​ថ្មី​របស់​លោក ត្រាំ លើ​ការ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធនេះ​ បន្ទាប់​ពី​ការ​លើកលែង​ពន្ធ កូតា​គ្មាន​ពន្ធ និង​ការ​លើកលែង​ផលិតផល​មួយ​ចំនួន ​បាន​ផុត​សុពលភាព។ ការ​សម្រេច​ចិត្ត​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​លោក ត្រាំ ក្នុង​ការ​រៀបចំ​ឡើង​វិញ​នូវ​បទដ្ឋាន​ពាណិជ្ជកម្ម​សកល​ដើម្បី​ផលប្រយោជន៍​សហរដ្ឋអាមេរិក។ កាណាដា​គឺ​ជា​អ្នក​ផ្គត់ផ្គង់​ដែកថែប និង​អាលុយមីញ៉ូម​ដ៏​ធំ​បំផុត​របស់​បរទេស​ដល់​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ កើតឡើង​ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី Justin Trudeau កំពុង​រៀបចំ​ប្រគល់​តំណែង​ឲ្យ​លោក Mark Carney ដែល​ទើប​នឹង​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​គណបក្ស​សេរីនិយម​កាន់​អំណាច​កាលពី​ថ្ងៃអាទិត្យ។ កាលពី​ថ្ងៃ​ចន្ទ លោក Carney បាន​បញ្ជាក់​ថា លោក​មិន​អាច​ពិភាក្សា​ជាមួយ​លោក ត្រាំ បាន​ទេ រហូត​ទាល់តែ​លោក​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ៕