(ហូឡង់)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា លោករ៉ាប់រងទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោក ខណៈរូបលោកកំពុងត្រៀមលក្ខណៈតតាំងរឿងក្តី ដែលត្រូវរំពឹងថា នឹងមានរយៈពេលយូរ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តាមរយៈឃ្លីបវីដេអូមួយបង្ហោះនៅលើគណនី Facebook របស់លោក ដែលហាក់ត្រូវបានថតទុកតាំងពីនៅលើយន្តហោះ លោក Duterte បានលើកឡើងយ៉ាងដូច្នេះថា «អ្វីៗទាំងឡាយដែលបានកើតឡើង កាលពីអតីតកាល ខ្ញុំនឹងឈរនៅខាងមុខ​ប៉ូលិសនិងទាហានរបស់យើង។ ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវ សម្រាប់គ្រប់យ៉ាង។ នេះនឹងជាដំណើរការផ្លូវច្បាប់ដ៏យូរមួយ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំនឹងនៅតែបន្តបម្រើប្រទេសរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលយករឿងនេះ ប្រសិនបើវាគឺជាវាសនារបស់ខ្ញុំ។ ខ្ញុំមិនអីទេ ចូរកុំនាំគ្នាបារម្ភ»

នាពេលនេះ លោក Duterte កំពុងស្ថិតក្រោមការឃុំឃាំងរបស់តុលាការ ICC នៅប្រទេសហូឡង់ ក្រោយត្រូវបញ្ជូនតាមយន្តហោះឯកជន មកពីប្រទេសហ្វីលីពីន ជាទីដែលរូបលោក​ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល តាមដីការបស់ ICC ពាក់ព័ន្ធសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានសម្លាប់អ្នកប្រើប្រាស់និងជួញដូររាប់ពាន់នាក់។ លោកនឹងត្រូវបង្ហាញខ្លួននៅតុលាការ ICC ក្នុងទីក្រុងឡាអេ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ដោយធ្លាប់ដឹកនាំប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ២០១៦ ដល់២០២២ លោក Duterte នឹងត្រូវប្រឈមការចោទប្រកាន់​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយនឹងក្លាយជាអតីតមេដឹកនាំដំបូងគេ នៃតំបន់អាស៉ី ដែលត្រូវឡើងសវនាការជំនំជម្រះក្តី នៅតុលាការ ICC។ យោងតាមតួលេខផ្លូវការរបស់ប៉ូលិសហ្វីលីពីន អំឡុងពេលកាន់អំណាច៦ឆ្នាំរបស់លោក ជនសង្ស័យសរុប​៦២០០នាក់ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន៕