(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ស្ថានទូតចិននៅក្នុងប្រទេសនូវែលសេឡង់ បានចោទប្រកាន់ មន្រ្តីចារកម្មកំពូលនូវែលសេឡង់ ថានិយាយកុហក ជុំវិញការព្រមានអំពីហានិភ័យសន្តិសុខ និងថាបង្កឡើងដោយសារតែការកើនឡើងឥទ្ធិពលចិន នៅតំបន់ប៉ាស៉ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសុន្ទរកថាមួយនៅឯទីក្រុង Wellington កាលពីសប្តាហ៍មុន នាយកសេវាស៉ើបការណ៍សម្ងាត់នូវែលសេឡង់ លោក Andrew Hampton និយាយថា ការផ្តោតអារម្មណ៍របស់ប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក លើបញ្ហាសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មឆ្លងដែន បានផ្តល់ឱកាសដល់ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយពួកគេ ដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។ ស្ថានទូតចិនចាត់ទុកថា «វាជាការកត់សម្គាល់ដែលគ្មានមូលដ្ឋានទាំងស្រុង សុទ្ធសឹងតែជាការប្រឌិត និងជាការផ្សព្វផ្សាយព័ត៌មានមិនពិត»។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបង្កើតកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសប៉ាស៉ីហ្វិកជាច្រើន នាំឱ្យមានការព្រួយបារម្ភដល់នូវែលសេឡង់ ដែលជាសមាជិកនៃសម្ព័ន្ធភាពស៉ើបការណ៍សម្ងាត់ Five Eye រួមជាមួយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី៕