(ញូវដេលី)៖ ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់ និងរំលោភលើការដាក់ទណ្ឌកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥។
ជនខាងលើឈ្មោះ Aleksej Besciokov សញ្ជាតិលីទុយអានី មានទីលំនៅក្នុងប្រទេសរុស្ស៉ី ត្រូវបានចោទប្រកាន់ពី បទលាងលុយកខ្វក់ ហើយក៏ប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើទណ្ឌកម្ម និងប្រតិបត្តិការអាជីវកម្មផ្ទេរប្រាក់ ដែលគ្មានអាជ្ញាប័ណ្ណ។
លោក Besciokov ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ Kerala ភាគខាងត្បូងឥណ្ឌា តាមសំណើរបស់ទីក្រុងវ៉ាស៉ីនតោន ហើយក្រសួងការបរទេសឥណ្ឌា បានអនុញ្ញាតឱ្យមានការចាប់ខ្លួន។ ដំបូងឡើយ Besciokov គ្រោងរត់ចេញពីប្រទេសឥណ្ឌា។ ភ្លាមៗនេះ គេមិនទាន់ដឹងថាហេតុអ្វីបានជាលោកស្ថិតនៅឥណ្ឌានោះទេ ខណៈទីក្រុងវ៉ាស៉ីនតោននឹងសុំការធ្វើបត្យាប័ន លោក Besciokov ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការយុត្តិធម៌អាមេរិក បានឱ្យដឹងថា ផ្សារ crypto ឈ្មោះថា Garantex បានធ្វើប្រតិបត្តិការផ្ទេររូបិយបណ្ណឌីជីថលនេះ យ៉ាងហោច៩៦ពាន់លានដុល្លារ គិតចាប់តាំងពីខែមេសា ឆ្នាំ២០១៩មក។ ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌អាមេរិក «ខ្ញុំអាចបញ្ជាក់បានថា Aleksej Besciokov ដែលជាអ្នកគ្រប់គ្រងម្នាក់របស់ Garantex ត្រូវបានចាប់ខ្លួននៅឥណ្ឌា តាមសំណើរបស់សហរដ្ឋអាមេរិក»៕