(អង់ការ៉ា)៖ អ្នកការទូត និងអ្នកវិភាគនិយាយថា តួកគីអាចក្លាយជាដៃគូដ៏សំខាន់នៅក្នុងការសើរើរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុប ខណៈដែលអឺរ៉ុបកំពុងជំរុញវិស័យការពារជាតិ ហើយស្វែងរកការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្រោមបទឈប់បាញ់ ដាក់ចេញដោយអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥។
បើតាមក្រុមអ្នកវិភាគ ការជំរុញរបស់អឺរ៉ុបឱ្យរក្សាសមត្ថភាពយោធា និងការឯកភាពលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ខណៈបង្កើនការការពារខ្លួនឯងដោយគ្មានទីក្រុងវ៉ាស៉ីនតោន បានបង្កើតជាឱកាសដ៏កម្រមួយសម្រាប់តួកគី ក្នុងការពង្រឹងទំនាក់ទំនង កាន់តែស៉ីជម្រៅជាមួយអឺរ៉ុប ទោះជាមានជម្លោះរ៉ាំរ៉ៃលើផ្នែកច្បាប់ បញ្ហាដែនសមុទ្រជាមួយក្រិក និងស៉ីប ក៏ដូចជាការស្នើសុំសមាជិកភាពរបស់តួកគី នៅក្នុងសហភាពអឺរ៉ុបដែលជាប់គាំងជាយូរមកហើយក្តី។
រីឯ លោក Sinan Ulgen អតីតអ្នកការទូតតួកគី និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយសេដ្ឋកិច្ច និងការបរទេស បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបដែលគិតថា ពួកគេមានជម្រើសមិនចាំបាច់ត្រូវរាប់បញ្ចូលតួកគី មកដល់សព្វថ្ងៃនេះ ឥឡូវកំពុងមើលឃើញថា ពួកគេមិនអាចមិនរាប់រកតួកគី តទៅទៀតទេ។
គួរបញ្ជាក់ថា បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា លោកបាននាំសំណើជាក់លាក់ពីតួកគី សម្រាប់ការក្លាយជាអ្នកទទួលខុសត្រូវ ចំពោះសន្តិភាពនៅអ៊ុយក្រែន និងស្ថិរភាពក្នុងតំបន់។
តួកគី ដែលជាសមាជិកអង្គការណាតូផងនោះ គឺមានកងទ័ពធំលំដាប់ទីពីរក្នុងបក្សសម្ព័ន្ធយោធានេះ។ ក្នុងប៉ុន្មានឆ្នាំថ្មីនេះ តួកគីចាប់ផ្តើមផលិតយន្តហោះចម្បាំង រថក្រោះ និងនាវាផ្ទុកយន្តហោះចម្បាំង ហើយលក់យន្តហោះដ្រូនប្រយុទ្ធទូទាំងពិភពលោក រួមទាំងទៅឱ្យអ៊ុយក្រែនផងដែរ។ ការនាំចេញអាវុធរបស់តួកគីមានចំនួនសរុប ៧.១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤៕