(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១៣ ខែមីនា ចិន និងរុស្ស៉ី បានចេញមុខកាន់ជើងអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក ទាមទារឱ្យមានកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងតេហេរ៉ង់ ដោយមន្ត្រីទូតជាន់ខ្ពស់ចិន និងរុស្ស៉ីនិយាយថា ការសន្ទនាគួរតែបន្តឡើងវិញ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយទណ្ឌកម្មទាំងអស់គួរតែត្រូវបានដកចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍ ក្រោយជំនួបរវាងអនុរដ្ឋមន្រ្តីការបរទេសចិន លោក Ma Zhaoxu អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov និងអនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi នៅទីក្រុងប៉េកាំង ចិន និងរុស្ស៉ី បានស្វាគមន៍ការអះអាងជាថ្មីរបស់អ៉ឺរ៉ង់ ដែលថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាព ហើយសិទ្ធិរបស់អ៉ីរ៉ង់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធីគួរតែត្រូវបានគោរព។ បើតាមលោក Ma «ចិន រុស្ស៉ី អ៉ីរ៉ង់ យល់ថាភាគីពាក់ព័ន្ធ គួរតែប្តេជ្ញាដោះស្រាយឬសគល់នៃបញ្ហាបច្ចុប្បន្ន និងលុបចោលការដាក់ទណ្ឌកម្ម សម្ពាធ ឬការគំរាមកំហែងដោយកម្លាំង»។
គួរបញ្ជាក់ថា ជួបពិភាក្សាខាងលើនេះ បានធ្វើឡើងប៉ុន្មានថ្ងៃក្រោយទីក្រុងតេហេរ៉ង់ បដិសេធធ្វើតាមបញ្ជារបស់អាមេរិក ឱ្យបន្តកិច្ចពិភាក្សាជុំវិញកម្មវិធីនុយក្លេអ៊ែរ។ ក្នុងឆ្នាំ ២០១៥ អ៉ីរ៉ង់បានយល់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ ក្រោមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក រុស្ស៉ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង់។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៨ អំឡុងអាណត្តិទី១ របស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ៕