(ប៉េកាំង)៖ ទិញទំនិញអាមេរិកឬមួយក៏មិនទិញទំនិញអាមេរិក? បើនិយាយចំពោះប្រជាជនអឺរ៉ុប នេះគឺជាបញ្ហាលំបាកដ៏កម្រ មានមួយ។ បច្ចុប្បន្ននេះ អារម្មណ៍ស្ទាក់ស្ទើរបែបនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិ ។ ចាប់ពីខែកុម្ភៈ ឆ្នំនេះតទៅ ការពិគ្រោះពិភាក្សាស្តីពី "សកម្មភាពធ្វើពហិការរបស់អឺរ៉ុប ចំពោះទំនិញអាមេរិក" បានកើនឡើងយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា X ជាដើម។
ក្នុងរយៈពេលជាយូរមកហើយ អឺរ៉ុបនិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ។ លើកនេះ ហេតុអ្វីបានជាប្រជាជនអឺរ៉ុប ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើពហិការចំពោះទំនិញអាមេរិក? បើមើលពីមូលហេតុផ្ទាល់អាចឃើញថា នេះគឺពាក់ព័ន្ធនឹង ការបង្ហាញអាកប្បកិរិយារបស់សហរដ្ឋអាមេរិកចំពោះកោះ Greenland។ មុនពេលលោកត្រាំឡើងកាន់មុខតំណែងជា ប្រធានាធិបតីអាមេរិកជាផ្លូវការ លោកក៏បានព្រលយសម្តីថា នឹងលេបយកទឹកដីកោះ Greenland ដែលស្ថិតនៅក្រោមយុត្តាធិកា ររបស់ប្រទេសដាណឺម៉ាក ហើយបានអះអាងថា មិនច្រានចោលលទ្ធភាពដែលប្រើប្រាស់កម្លាំងយោធានោះទេ ។ ប្រជាជនអឺរ៉ុបសម្គាល់ឃើញថា នេះជាការជ្រៀតជ្រែកដោយគ្មានហេតុផល របស់អាមេរិកចំពោះអធិបតេយ្យភាព របស់ប្រទេសដទៃទៀត។
មួយផ្នែក វិបត្តិអ៊ុយក្រែនគឺជាមូលហេតុផ្ទាល់មួយទៀត ដែលបណ្តាលឱ្យកើតការប៉ះទង្គិច ។ តាមការផ្សាយដំណឹងនៃទស្សនាវដ្តី «Defence Journal» របស់អង់គ្លេសឱ្យដឹងថា ដោយសារមិនពេញចិត្តយ៉ាងខ្លាំង ចំពោះគោលនយោបាយរបស់អាមេរិក អំពីអ៊ុយក្រែន បានជាក្រុមហ៊ុន Haltbakk Bunkers ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈន័រវែស បានប្រកាសនាពេលថ្មីៗ កន្លងទៅនេះថា នឹងលែងផ្តល់ប្រេងឥន្ធនៈដល់នាវាកងទ័ពជើងទឹករបស់អាមេរិក ប្រចាំការនៅន័រវេសទៀតហើយ ។ ក្នុងរយៈពេលជាយូរកន្លងមក អឺរ៉ុបបានពឹងផ្អែកលើសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្នុងវិស័យសន្តិសុខ ។ មានប្រព័ន្ធសារព័ត៌មានអឺរ៉ុបមួយចំនួន បានពណ៌នាថា អឺរ៉ុបគឺប្រៀបដូចជាក្មេងអាយុ ៤០ ឆ្នាំដែលមិនធ្លាប់បែកពីឪពុកម្តាយ របស់ខ្លួន ឥឡូវនេះ ពេលភ្ញាក់ឡើង ទើបដឹងថា ខ្លួនជិតនឹងត្រូវបណ្តេញចេញពីផ្ទះ។
មួយផ្នែកទៀតគឺ ពន្ធគយដែលក៏មានផលប៉ះពាល់យ៉ាងជិតស្និទ្ធ ទៅលើជីវភាពរស់នៅរបស់ប្រជាជនអឺរ៉ុប ។ នៅថ្ងៃទី ១២ ខែមីនា វិធានការរបស់អាមេរិកស្តីពីការដំឡើងពន្ធគយ ២៥ ភាគរយលើផលិតផលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ ដែលនាំចូលទៅសហរដ្ឋអាមេរិក បានចូលជាធរមានជាផ្លូវការ ។ ក្នុងនាមជាប្រភពផ្គត់ផ្គង់ដែកថែបធំទីពីររបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរ។
អធិបតេយ្យភាព សន្តិសុខនិងសេដ្ឋកិច្ចគឺជាផលប្រយោជន៍ស្នូលចំនួនបី ដែលអឺរ៉ុបបានយកចិត្តទុកដាក់ខ្លាំងបំផុត កំពុងរងការគំរាមកំហែង ភាពអាម៉ាស់និងការបោកប្រាស់ពីសហរដ្ឋអាមេរិក ។ ដូច្នេះ មានអ្នកវិភាគបានលើកឡើងថា បើមើលពីសំបកក្រៅ អ្វីដែលប្រជាជនអឺរ៉ុបបាននិងកំពុងធ្វើពហិការនោះ គឺ "ទំនិញរបស់អាមេរិក" តែតាមពិតទៅ អ្វីដែលបាននិងកំពុងធ្វើពហិការនោះ គឺ "គ្រោះចង្រៃ"ដែលបង្កដោយអាមេរិកនៅអឺរ៉ុបហ្នឹងឯង។
បើនិយាយចំពោះអ្នកនយោបាយអាមេរិក សកម្មភាពធ្វើពហិការលើកនេះគឺជាការព្រមាន។ ចំណែកអ្នកនយោបាយអឺរ៉ុប ក៏ត្រូវគិតពិចារណាឱ្យបានកាន់តែហ្មត់ចត់៖ "សកម្មភាពធ្វើពហិការលើទំនិញរបស់អាមេរិក" ដែលបំផុសដោយស្ម័គ្រចិត្ត ដោយប្រជាជនអឺរ៉ុបមិនត្រឹមតែជាជម្រើសនៃការប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងក៏ជាការតវ៉ាប្រឆាំង ចំពោះការធ្វើអនុត្តរភាព របស់អាមេរិកផងដែរ។ អ្វីដែលហៅថា "ទំនាក់ទំនងដ៏ជិតស្និទ្ធ" ក្នុងចំណោមសម្ព័ន្ធមិត្តអន្តរអាត្លង់ទិក មានផលវិបាក កាន់តែច្រើនឡើងៗជាយូរណាស់មកហើយ ប្រសិនបើអឺរ៉ុបមិនស្វែងរកភាពម្ចាស់ការខាងយុទ្ធសាស្ត្រដ៏ពិតប្រាកដ នោះ "គ្រោះចង្រៃដែលបង្កដោយអាមេរិក" ប្រហែលនឹងកើតឡើងជាបន្តបន្ទាប់៕
វិទ្យុមិត្តភាពកម្ពុជាចិន