(ហាណូយ)៖ ក្រុមហ៊ុនវៀតណាមនិងអាមេរិក នៅថ្ងៃសុក្រនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ទាក់ទងនឹងវិស័យថាមពលនិងរ៉ែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការចុះហត្ថលេខាបានធ្វើឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien ទៅកាន់សហរដ្ឋអាមេរិក ដែលមានគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ខណៈដែលវៀតណាមកំពុងស្វែងរកការជៀសវាងពន្ធគយដែលអាចកើតមានពីសហរដ្ឋអាមេរិក។
ក្រុមហ៊ុន PetroVietnam Power ដែលគ្រប់គ្រងដោយរដ្ឋ បានបញ្ជាក់ថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកនានា ក្នុងការទិញប្រេងឆៅ និងឧស្ម័ន LNG របស់អាមេរិក។ ក្រុមហ៊ុនក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន GE Vernova សម្រាប់ការទិញឧបករណ៍សម្រាប់រោងចក្រថាមពលប្រើហ្គាស ដែលមានតម្លៃប៉ាន់ស្មានរហូតដល់ ៤.១៥ពាន់លានដុល្លារ។ ក្រៅពីនេះ មានកិច្ចព្រមព្រៀងសំខាន់ៗផ្សេងជាច្រើនទៀត។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំបញ្ចប់ការពិនិត្យឡើងវិញយ៉ាងទូលំទូលាយលើបញ្ហាពាណិជ្ជកម្មមួយចំនួន រួមទាំងការវិភាគលើឱនភាពពាណិជ្ជកម្មដែលកំពុងបន្តរបស់សហរដ្ឋអាមេរិក។ វៀតណាម តៃវ៉ាន់ និងថៃ ត្រូវបានគេមើលឃើញថាជាប្រទេសនៅអាស៊ីដែលប្រឈមនឹងហានិភ័យខ្ពស់នៃការដំឡើងពន្ធដោយសហរដ្ឋអាមេរិក ដោយសារប្រទេសទាំងនេះមានសមាមាត្រនាំចេញទៅកាន់សហរដ្ឋអាមេរិកខ្ពស់បើធៀបនឹង GDP របស់ខ្លួន៕