(វ៉ាស៊ីនតោន)៖ រយៈពេលជាង៣ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែមិនព្រមថយមួយជំហាន ហើយបន្តដាក់លក្ខខណ្ឌជាអតិបរមាសម្រាប់កិច្ចព្រមព្រៀងណាមួយ ដែលនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាម។ លោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បាននិយាយថារូបលោកគាំទ្រជាគោលការណ៍ដល់សំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃរបស់សហរដ្ឋអាមេរិក និងដែលត្រូវបាន អ៊ុយក្រែនយល់ព្រមទទួលយក។ ប៉ុន្តែលោកចង់បានការលម្អិតបន្ថែម និងដាក់លក្ខខណ្ឌមួយចំនួនដែលនេះមើលទៅហាក់ដូចជាការច្រានចោលការបញ្ឈប់ការវាយប្រយុទ្ធគ្នាភ្លាមៗ ខណៈកងទ័ពរុស្ស៉ីកំពុងមានប្រៀបនៅលើ សមរភូមិ។ ការប្រើតាក់ទិកមិនបដិសេធត្រង់ៗរបស់លោក ពូទីន អាចនឹងអនុញ្ញាតឱ្យរុស្ស៉ីចូលរួមក្នុងកិច្ចចរចាវែងអន្លាយដោយមិនច្រានចោលភ្លាមៗនូវសំណើបទឈប់បាញ់។

លោក ពូទីន ក៏បានអះអាងដែរថាបទឈប់បាញ់រយៈពេល៣០ថ្ងៃ អាចនឹងត្រូវបានអ៊ុយក្រែនប្រើប្រាស់ជាឱកាសដើម្បីប្រមូលផ្តុំកម្លាំងទ័ព និងបំពាក់អាវុធឡើងវិញ ជាមួយការព្រលយថាលោកចង់ដាក់លក្ខខណ្ឌរបស់លោក លើបទឈប់បាញ់ ក្នុងនោះរួមមានដូចជាការបញ្ឈប់ការផ្គត់ផ្គង់អាវុធពីលោកខាងលិចទៅឱ្យអ៊ុយក្រែន ឬក៏ហាមឃាត់ការកែនទ័ពបន្ថែម។ ការទាមទាររបស់ទីក្រុងមូស្គូនៅតែស្ថិតនៅឆ្ងាយពីអ្វីដែលអ៊ុយក្រែន ឬសម្ព័ន្ធមិត្តរបស់ អ៊ុយក្រែនអាចនឹងទទួលយក។ ខាងក្រោមនេះជាអ្វីដែលរុស្ស៉ីទាមទារជាលក្ខខណ្ឌដែលខ្លួនត្រូវការជាចាំបាច់ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ៖

* ទឹកដី៖ រយៈពេល៣ឆ្នាំ នៃសង្រ្គាម រុស្ស៉ីកំពុងគ្រប់គ្រង១ភាគ៥នៃទឹកដីអ៊ុយក្រែន ហើយវិមានក្រឹមឡាំងបានច្រានចោលចំពោះការបោះបង់ចោល ឬប្រគល់ទឹកដីដែលទាហានរបស់ខ្លួនកំពុងគ្រប់គ្រងទៅឱ្យអ៊ុយក្រែនវិញ។ អ្នកនាំពាក្យវិមានក្រឹមឡាំង​ លោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បាននិយាយថា Crimea, Sevastopol, Kherson, Zaporizhzhia, Donetsk និង Luhansk តំបន់ទាំងអស់នេះគឺជារបស់រុស្ស៉ី។ រុស្ស៉ីបានក្រសោបយកតំបន់ Crimea ក្នុងនោះរួមមានទាំងទីក្រុង Sevastopol ក្នុងឆ្នាំ២០១៤ បើទោះជាតំបន់នេះនៅតែបន្តត្រូវបានអន្តរជាតិទទួលស្គាល់ថាជាទឹកដីរបស់អ៊ុយក្រែនក៏ដោយ។ កាលពីខែមិថុនា ឆ្នាំ២០២៤ លោក ពូទីន បាននិយាយថារុស្ស៉ីនឹងបញ្ឈប់សង្រ្គាមភ្លាមៗ ប្រសិនបើអ៊ុយក្រែនយល់ព្រមប្រគល់តំបន់ចំនួន៤ដូចជា Kherson, Zaporizhzhia, Donetsk និង Luhansk ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងមួយផ្នែករបស់ ទាហានរុស្ស៉ី ហើយបោះបង់ចោលគម្រោងចូលជាសមាជិក NATO។ លោក ពូទីន ក៏ចង់ឱ្យអន្តរជាតិទទួលស្គាល់ទឹកដីដែលរុស្ស៉ីឈ្លានពានដណ្ដើមយកបានពីអ៊ុយក្រែនផងដែរ។ ក្រៅពីនេះលក្ខខណ្ឌរបស់រុស្ស៉ីក៏មានដែរ នោះគឺតម្រូវឱ្យអ៊ុយក្រែនរំសាយកងទ័ព។

* កងកម្លាំងរក្សាសន្តិភា​ព NATO៖ ជាការបញ្ជាក់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តឈ្លានពានអ៊ុយក្រែន លោក ពូទីនបានលើកឡើងពីការពង្រីកឥទ្ធិពលរបស់ NATO ហើយថាសមាជិកភាព NATO សម្រាប់អ៊ុយក្រែន ជាការគំរាមកំហែងដល់សន្តិសុខរុស្ស៉ី។ តែទោះជាបែបនេះក្ដី តាមលោក ហ្សេលេនស្គី សមាជិកភាព NATO គឺជាការធានាសន្តិសុខមួយដ៏ល្អប្រសើរបំផុតនៅពេលអនាគត ក្រោយសង្រ្គាមបញ្ចប់។ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បាននិយាយកាលពីខែកុម្ភៈថាសមាជិក NATO សម្រាប់អ៊ុយក្រែន ជារឿងមិនអាចទៅរួចទេ តែក្រោយមកលោកបានបន្ទន់ជំហរដោយមិនច្រានចោលលទ្ធភាពទាំងស្រុងនោះទេ។ វិមានក្រឹមឡាំងបានជំទាស់ ទៅនឹងវត្តមានកងកម្លាំងរក្សាសន្តិភាពបរទេសនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាសំណើមួយលើកឡើងដោយបណ្ដាប្រទេសអឺរ៉ុបមួយចំនួនដោយចាត់ទុកថាជាការធានាសន្តិសុខមួយសម្រាប់អ៊ុយក្រែន។ ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បាននិយាយថារុស្ស៉ីនឹងមិនទទួលយកនោះទេការចូលរួមរបស់បណ្ដាប្រទេសដទៃនៅក្នុងសង្រ្គាមអ៊ុយក្រែនដែលអាចនឹង ជំរុញឱ្យទីក្រុងមូស្គូចាត់វិធានាការឆ្លើយតបដោយប្រើគ្រប់មធ្យោបាយទាំងអស់។ ប្រទេសអឺរ៉ុបដូចជា ចក្រភពអង់គ្លេស និងបារាំង​ បានបង្ហើបពីចេតនាចង់ដាក់ពង្រាយបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់អ៊ុយក្រែន នៅក្រោយ សង្រ្គាមបិទបញ្ចប់។ តែរុស្ស៉ី នៅតែប្រកាន់ជំហរថានឹងមិនទទួលយកការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពមកពីបណ្ដាប្រទេស NATO ណាមួយលើទឹកដីអ៊ុយក្រែនឡើយ ទោះក្នុងលក្ខខណ្ឌបែបណាក៏ដោយ។

​* បេសកកម្មការទូត៖ កិច្ចពិភាក្សារវាងក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី ក្នុងទីក្រុង Istanbul ប្រទេសតួកគី កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ មានជាប់ពាក់ព័ន្ធនឹងស្ថានភាពនៃបេសកកម្មការទូតរវាងភាគីទាំងសងខាងដែលប្រតិបត្តិការ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ដោយសារតែការបណ្ដេញមន្ត្រីការទូតចេញពីប្រទេសទៅវិញទៅមក និងការរឹតត្បិតលើការជ្រើសរើសបុគ្គលិកជាដើម។ រុស្ស៉ីបានទាមទារឱ្យសហរដ្ឋអាមេរិកប្រគល់អគារការទូតចំនួន៦ ដែលខ្លួន បាននិយាយថាត្រូវបានរឹបអូសដោយខុសច្បាប់ដោយសហរដ្ឋអាមេរិក នៅចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ អគារទាំងនោះរួមមាននៅក្នុងទីក្រុង New York និងរដ្ឋ Maryland ដែលត្រូវបានរឹបអូស ក្រោមអាណត្តិទី២របស់ លោក បារ៉ាក់ អូបាម៉ា ខណៈស្ថានកុងស៊ុលរុស្ស៉ីក្នុងទីក្រុង Seattle និងទីក្រុង San Francisco ត្រូវបានបិទចោលក្រោមអាណត្តិទី១របស់លោក ត្រាំ ដោយសារតែមានទីតាំងស្ថិតនៅជិតតំបន់សំខាន់ដូចជា Silicon Valley និងមូលដ្ឋាននាវាមុជទឹកមួយកន្លែង ព្រមទាំងរោងចក្ររបស់ក្រុមហ៊ុន Boeing។ ក្រោយកិច្ចប្រជុំនៅទីក្រុង Istanbul ក្រសួងការបរទេសអាមេរិកបាននិយាយថាតាមរយៈកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ភាគីទាំង២ បានកំណត់ជំហានបឋមដ៏រឹងមាំ ដើម្បីរក្សាស្ថិរភាពប្រតិបត្តិការបេសកកម្មទ្វេភាគីនៅតាមទីតាំងដូចដែលបានរៀបរាប់ខាងលើ។ ចំណែក ខាងទីក្រុងមូស្គូវិញបានប្រកាសថាខ្លួនទទួលបានសារតាំងពីទីក្រុងវ៉ាស៊ីនតោន ដើម្បីតែងតាំង ឯកអគ្គរដ្ឋទូតថ្មី គឺលោក Alexander Darchiev។

* បន្ធូរបន្ថយទណ្ឌកម្ម៖ ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដាក់ចេញដោយអតីតរដ្ឋបាលលោក ចូ បៃដិន ក្រោយរុស្ស៉ីឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ បានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៉ីទន់ខ្សោយ និងបង្អាក់វិស័យយោធារបស់ មូស្គូ។ តែលោក ត្រាំ បានបង្ហាញពីសញ្ញាចង់បន្ធូរបន្ថយទណ្ឌកម្មជាផ្នែកមួយនៃសម្បទានដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ ជាសាធារណៈ វិមានក្រឹមឡាំងបានអះអាងថាទណ្ឌកម្មទាំងអស់ប្រឆាំងនឹងរុស្ស៉ីជាទង្វើខុសច្បាប់ ហើយត្រូវតែដកចេញវិញ។ តែជាលក្ខខណៈឯកជន ទីក្រុងមូស្គូ ចង់បានការបន្ធូរបន្ថយទណ្ឌកម្មណាមួយពីសហរដ្ឋអាមេរិក ពីព្រោះវាអាចជួយឱ្យរុស្ស៉ីបំបែកបំបាក់សាមគ្គីភាពនៃបណ្ដាលោកខាងលិច ដែលកំពុងពង្រឹងការដាក់ ទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងពេលបច្ចុប្បន្ន វិធានការដ៏ធំមួយដែលរុស្ស៉ីកំពុងប្រឈម នោះគឺការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្ដាលរុស្ស៉ីជាង ៣០០ពាន់លានដុល្លារ ដែលតម្កល់ទុកនៅតាមប្រទេសលោកខាងលិច។ សហភាពអឺរ៉ុប បានអនុម័តផែនការមួយកាលពីឆ្នាំ២០២៤ ដើម្បីអាចប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កកយកទៅជួយអ៊ុយក្រែន។ លោក ពូទីនវិញបានថ្កោលទោសយុទ្ធសាស្ត្រនេះ ដោយចាត់ទុកថាជាទង្វើរបស់ចោរ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានៅទីក្រុង Istanbul កាលពីខែកុម្ភៈ រុស្ស៉ីក៏បានជំរុញផងដែរឱ្យមានការដំណើរការឡើងវិញនូវជើងហោះហើរដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក ដែលនេះជាជំហានដ៏សំខាន់មួយនៃការបន្ធូរបន្ថយ ទណ្ឌកម្ម។ តែខាងក្រសួងការបរទេសអាមេរិក មិនបានលើកឡើងពីបញ្ហានេះនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនពាក់ព័ន្ធនឹងជំនួបជាមួយភាគីរុស្ស៉ីនោះទេ៕