(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីថៃមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងការចាប់បញ្ជូន ជនជាតិភាគតិច Uyghurs យ៉ាងហោច ៤០នាក់ ទៅកាន់ប្រទេសចិនជាទីដែលទីក្រុងវ៉ាស៊ីនតោននិយាយថាជនជាតិភាគតិចទាំងនោះនឹងត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់ចិន ដើម្បីដាក់សម្ពាធលើបណ្ដារដ្ឋាភិបាលដទៃ ឱ្យបណ្ដេញ ឬចាប់បញ្ជូនជនជាតិភាគតិច Uyghurs ឬក៏ក្រុមជនជាតិភាគតិចផ្សេងទៀតទៅកាន់ប្រទេសចិន ជាទីដែលពួកគេកំពុងក្លាយជាកម្មវត្ថុនៃការធ្វើទារុណកម្ម និងការបាត់ខ្លួន។ ការប្រកាសដាក់ ទណ្ឌកម្មនេះត្រូវបានគេមើលឃើញថាជាចេតនាមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកំញើញថៃ និងជាការព្រមានមួយកុំឱ្យបណ្ដាប្រទេសដទៃយកគំរូតាមថៃ។

សេចក្ដីថ្លែងការណ៍ដដែលមិនបានបង្ហើបឈ្មោះក្រុមមន្ត្រីថៃ ដែលត្រូវបានដាក់ទណ្ឌកម្មនោះទេ ដោយគ្រាន់តែឱ្យដឹងថាសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីបច្ចប្បន្ន និងអតីតមន្ត្រី នៃរដ្ឋាភិបាលថៃដែលជាអ្នកទទួលខុសត្រូវ ឬបានសមគំនិតក្នុងការចាប់បញ្ជូនជនជាតិភាគតិច Uyghurs ៤០នាក់ចេញពីប្រទេសថៃទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានអះអាងថាទីក្រុងប៉េកាំងបានស្នើសុំឱ្យបញ្ជូនជនជាតិ Uyghurs ៤០នាក់ ដោយបានផ្ញើលិខិតមួយជូនរដ្ឋាភិបាលថៃ ជាមួយការបង្ហាញពីភាពស្មោះត្រង់ និងចេតនារបស់ខ្លួន ក្នុងការមើលថែទាំជនជាតិ Uyghurs ហើយថែមទាំងធានាទៀតផងថានឹងផ្ដល់ការរស់នៅសមរម្យ និងសុវត្ថិភាពដល់ពួកគេ បើទោះជាក្រុមអ្នកការពារសិទ្ធិមនុស្សព្រមានថាជនជាតិ Uyghurs ទំាងនោះ អាចនឹងត្រូវបានគេធ្វើបាប នៅពេលត្រឡប់ដល់ចិន វិញក៏ដោយ។ តាមរដ្ឋាភិបាលថៃ ការបញ្ជូនជនជាតិ Uyghurs ត្រឡប់ទៅចិនវិញ គឺធ្វើឡើងស្របទៅនឹងច្បាប់៕