(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃសៅរ៍ ទី១៥ ខែមីនា បាននិយាយគ្នាជាមួយ ​រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov ដើម្បីជជែកអំពីដំណាក់កាលបន្ទាប់ទៀត ក្នុងកិច្ចពិភាក្សាសំដៅបិទបញ្ចប់សង្រ្គាម​របស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ថា ប្រមុខការទូតទាំងពីរ បានឯកភាពគ្នាបន្តធ្វើការឆ្ពោះទៅរក ការស្តារការទាក់ទងរវាងសហរដ្ឋអាមេរិកនិងរុស្ស៉ី។ យ៉ាងណាមិញ អ្នកនាំពាក្យមិនបានផ្តល់ព័ត៌មានលម្អិត ថាតើនៅពេលណា កិច្ចពិភាក្សាជុំបន្ទាប់​រវាងអាមេរិកនិងរុស្ស៉ី ដែលកំពុងទទួលរៀបចំដោយអារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមនោះឡើយ។

គួរបញ្ជាក់ថា ទោះបីនាពេលថ្មីៗកន្លងទៅនេះ មានភាពតានតឹងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ដោយ ទីក្រុងកៀវបានយល់ស្របចំពោះ សំណើបទឈប់បាញ់មួយ មានរយៈពេល៣០ថ្ងៃ របស់អាមេរិក។ ប៉ុន្តែប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មិនទាន់បានយល់ព្រម ទទួលយកបទឈប់បាញ់នោះនៅឡើយទេ ហើយផ្ទុយទៅវិញលោកបានកំណត់លក្ខខណ្ឌផ្សេង ហួសពីអ្វីដែលមាននៅក្នុង ការព្រមព្រៀងគ្នារវាងអាមេរិក និងអ៊ុយក្រែន៕