(កៀវ)៖ នៅថ្ងៃអាទិត្យ ទី១៦ ខែមីនា អាជ្ញាធរនៅអ៊ុយក្រែននិងនៅរុស្ស៉ី បានរាយការណ៍ថា ភាគីទាំងពីរបានបន្តការវាយប្រហារតាមផ្លូវអាកាសដាក់គ្នា ដែលបង្កឱ្យមានអ្នករងរបួស និងការខូចខាត ស្របពេលដែលលទ្ធភាពសម្រេចបានបទឈប់បាញ់ សម្រាប់សង្រ្គាមរយៈពេលជាង៣ឆ្នាំមកហើយនេះ នៅតែកំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកគាំទ្រជាគោលការណ៍ចំពោះ សំណើរបស់ទីក្រុងវ៉ាស៉ីនតោន ស្តីពីបទឈប់បាញ់រយៈពេល៣០ថ្ងៃ សម្រាប់សង្រ្គាមជាមួយអ៊ុយក្រែន ប៉ុន្តែលោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៉ីនឹងបន្តប្រយុទ្ធ រហូតទាល់តែលក្ខខណ្ឌសំខាន់ៗមួយចំនួន ត្រូវបានទទួលយក។ ភាគីទាំងសងខាង មកទល់ពេលនេះ នៅតែបន្តវាយប្រហារខ្លាំងៗដាក់គ្នាតាមផ្លូវអាកាស ហើយរុស្ស៉ីហាក់កំពុងជិតទទួលជោគជ័យ ក្នុងការបណ្តេញកងទ័ពអ៊ុយក្រែន ចេញទាំងស្រុង ពីតំបន់ Kursk ភាគខាងលិចប្រទេសរបស់ខ្លួន។
គួរបញ្ជាក់ថា នាវេលាទាបភ្លឺថ្ងៃអាទិត្យនេះ អាជ្ញាធររុស្ស៉ី បានអះអាងថា មនុស្ស៣នាក់ បានរងរបួស រួមមានទាំងក្មេងអាយុ៧ឆ្នាំ ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន លើតំបន់ Belgorod។ រីឯនៅតំបន់ Voronezh ដ្រូនអ៊ុយក្រែនច្រើនជាង១៥គ្រឿង ត្រូវបានបាញ់កម្ទេច។ ក្រៅពីនេះ តំបន់ Rostov ក៏បានស្ថិតក្រោមការប៉ងវាយប្រហារដោយដ្រូនអ៊ុយក្រែន ផងដែរ។ ដោយឡែក នៅអ៊ុយក្រែនវិញ អាជ្ញាធរបានរាយការណ៍អំពី ការវាយប្រហារដ្រូនមួយចំនួនដោយរុស្ស៉ី ក្នុងនោះរួមមានទាំងតំបន់ជុំវិញរដ្ឋធានីកៀវ តំបន់ Chernihiv នៅភាគខាងជើង និងតំបន់ខ្លះទៀត នៅភាគកណ្តាល៕