(ប៉េកាំង)៖ ថ្ងៃទី១៤ ខែមីនា កិច្ចជំនួបក្រុងប៉េកាំងរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំងបានបើកធ្វើដោយជោគជ័យ។តំណាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់បានផ្លាស់ប្តូរមតិយោបល់ ដោយស៊ីជម្រៅ អំពីបញ្ហានុយក្លេអ៊ែរនិងការលុបចោល ការដាក់ទណ្ឌកម្មជាដើម។

ប្រទេសទាំង៣បានបង្ហាញពីភាពចាំបាច់នៃការបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគីទាំងអស់។ ភាគីទាំង៣ បានរំលឹកឡើងវិញថា ការប្រាស្រ័យទាក់ទងផ្នែកនយោបាយនិងការទូត និងកិច្ចសន្ទនាដោយឈរលើមូលដ្ឋានគោរពគ្នា ទៅវិញទៅមកគឺជាជម្រើសតែមួយគត់ ដែលមានប្រសិទ្ធភាពនិងអាចអនុវត្តបាន។

ភាគីទាំង៣បានគូសបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ ប្រភពដែលបង្កឱ្យមានស្ថានភាពបច្ចុប្បន្ន បោះបង់ចោលគំនិតដាក់ទណ្ឌកម្ម ដាក់សម្ពាធនិងគំរាមកំហែង ដោយកម្លាំងបាយ។ ភាគីទាំង៣បានគូសបញ្ជាក់ពី សារសំខាន់នៃសេចក្តីសម្រេចចិត្តលេខ២២៣១ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌនៃពេលវេលា នៃសេចក្តីសម្រេចចិត្តនេះ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធចៀសវាងធ្វើប្រតិបត្តិការ ដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ដើម្បីរួមគ្នាបង្កបរិយាកាស និងល័ក្ខខ័ណ្ឌមានអំណោយផល សម្រាប់កិច្ចខិតខំប្រឹងប្រែងខាងការទូត។

ភាគីទាំង៣បានរំលឹកឡើងវិញ នូវសារសំខាន់ដែលគាំពារ «សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ដែលជាមូលដ្ឋានគ្រឹះ នៃប្រព័ន្ធមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរអន្តរជាតិ។ អ៊ីរ៉ង់និងរុស្ស៊ីបានសម្តែងការកោតសរសើរ ចំពោះតួនាទីដែលមានលក្ខណៈស្ថាបនា របស់ប្រទេសចិននិងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចជំនួបនៅទីក្រុងប៉េកាំង។ភាគីទាំង៣បានឯកភាពបន្តរក្សាការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន