(កូកានី)៖ អគ្គិភ័យបានឆាបឆេះក្លឹបរាត្រីមួយនៅទីក្រុងកូកានី ប្រទេសម៉ាសេដូនខាងជើង កាលពីព្រឹកថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៩នាក់ និងជាង ១០០ នាក់រងរបួស។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Pance Toskovski ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
មូលហេតុនៃអគ្គិភ័យត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីឧបករណ៍បាញ់កាំជ្រួច (pyrotechnic) ដែលត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលប្រគំតន្ត្រីមួយ នៅក្នុងក្លឹបដែលមានឈ្មោះថា Pulse។ លោក Toskovski បានពន្យល់ថា ផ្កាភ្លើងបានបង្កជាអណ្តាតភ្លើង ហើយបានរាលដាលយ៉ាងលឿនពាសពេញក្លឹប។
វីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បង្ហាញពីក្រុមតន្ត្រីកំពុងសម្តែងនៅលើឆាក ខណៈអណ្តាតភ្លើងពីរបានបាញ់ផ្កាភ្លើងពណ៌សឡើងទៅលើ។ ផ្កាភ្លើងទាំងនោះបានប៉ះនឹងពិដានដែលនៅពីលើក្រុមតន្ត្រី ហើយទំនងជាបង្កឲ្យមានអគ្គិភ័យបានឆាបឆេះ នៅវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺ៕