(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបានរាយការណ៍នៅថ្ងៃអាទិត្យថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤ នាក់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ហេតុការណ៍នេះកើតឡើង ខណៈដែលអ្នកសម្រុះសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិកកំពុងព្យាយាមរក្សាបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា មនុស្សរាប់សិបនាក់បានស្លាប់ដោយសារការបាញ់របស់អ៊ីស្រាអែល បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី ១៩ ខែមករាក៏ដោយ។ ប៉ុន្តែយោធាអ៊ីស្រាអែលអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ការគំរាមកំហែងពី «ភេរវករ»។
ក្នុងចំណោមអ្នកស្លាប់ថ្មីៗបំផុត ភាគច្រើនបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩ នាក់ រួមទាំងអ្នកកាសែត ៤ នាក់នៅទីក្រុង Beit Lahiya ភាគខាងជើងហ្គាហ្សា។ ក្នុងការវាយប្រហារនេះ យោធាអ៊ីស្រាអែលបានអះអាងថា បានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស់ចំនួន ៦ នាក់ ដោចោទប្រកាន់ជនរងគ្រោះខ្លះជាសមាជិកក្រុមសកម្មប្រយុទ្ធ ដែលធ្វើសកម្មភាពក្រោមរូបភាពជាអ្នកកាសែត។ ស្របពេលជាមួយគ្នានេះ មន្ត្រីសុខាភិបាលហ្គាហ្សា ក៏បានរាយការណ៍ពីការស្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤នាក់ទៀត ក្នុងការវាយប្រហារដោយឡែកពីគ្នាក្នុងថ្ងៃដដែលនេះ។
ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលហាម៉ាស់ប្រចាំតំបន់ហ្គាហ្សា លោក Salama Marouf បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថា សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល ផ្អែកលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមិនត្រឹមត្រូវ។
ដោយឡែកកាលពីថ្ងៃអាទិត្យ ក្រុមគ្រូពេទ្យបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ីស្រាអែលបានបាញ់មីស៊ីលលើប្រជាជនប៉ាឡេស្ទីននៅកណ្តាលក្រុង Juhr Eldeek តំបន់ហ្គាហ្សា ដោយបណ្តាលឲ្យបុរសអាយុ ៦២ ឆ្នាំម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ ការវាយប្រហារដោយដ្រូនស្រដៀងគ្នានេះ ក៏បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់នៅទីក្រុង Rafah ផងដែរ។ ប៉ុន្តែយោធាអ៊ីស្រាអែលបានអះអាងថា មិនបានដឹងពីការវាយប្រហារដោយដ្រូនទាំងនេះទេ៕