(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនាថាសហរដ្ឋអាមេរិកនឹងបន្តបើកការវាយប្រហារលើក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន រហូតទាល់តែ ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះបញ្ឈប់ការវាយប្រហារលើកប៉ាល់ដឹកទំនិញ ឬនាវាក្នុងតំបន់សមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងខាងលើរបស់លោក Pete Hegseth ធ្វើឡើងបន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ដោយសម្លាប់មនុស្សយ៉ាងហោច ៥៣នាក់ ហើយដែលនេះជាប្រតិបត្តិការយោធាទ្រង់ទ្រាយធំបំផុតរបស់សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី២០ ខែមករាមក។ តាមក្រុមហ៊ូទី នៅក្នុងចំណោមអ្នកស្លាប់៥៣នាក់ មានកុមារ៥នាក់ និងស្រ្តី២នាក់ ហើយមនុស្ស៩៨នាក់ផ្សេងទៀតបានរងរបួស។ តែមន្ទីរបញ្ចកោណមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ចំពោះការអះអាងពីការស្លាប់ និងរងរបួសរបស់ជនស៊ីវិលទេ ខណៈមន្ត្រីអាមេរិកម្នាក់បានប្រាប់ Reuters ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកអាចនឹងបន្តជាច្រើនសប្ដាហ៍។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ មេដឹកនាំហ៊ូទី លោក Abdul Malik al-Houthi បានអះអាងថាខ្លួននឹងវាយប្រហារលើនាវាចម្បាំងអាមេរិកក្នុងតំបន់សមុទ្រក្រហម ប្រសិនបើអាមេរិកនៅតែបន្តវាយប្រហារលើ យេម៉ែន។ រហូតដល់ថ្ងៃចន្ទ ទី១៧ ខែមីនា អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ូទី បាននិយាយដោយមិនបានបង្ហាញភស្តុតាងថាក្រុមរបស់ខ្លួនបានវាយប្រហារជាលើទី២ប្រឆាំងនឹងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Harry S. Truman ក្នុងតំបន់សមុទ្រក្រហម។ តែខាងយោធាអាមេរិក បានឱ្យដឹងថានាវាចម្បាំងអាមេរិកបានបាញ់ទម្លាក់ដ្រូនហ៊ូទី១១គ្រឿងកាលពីថ្ងៃអាទិត្យ ហើយថាគ្មានដ្រូនណាមួយហោះទៅក្បែរ នាវា Truman នោះទេ៕