(មូស្គូ)៖​ រុស្ស៉ី​ បាននិងកំពុងសម្រុកវាយបណ្តេញទាហានអ៊ុយក្រែនឱ្យចេញពីទឹកដីភាគខាងលិចរបស់ខ្លួន​ បន្ទាប់ពីការលុកលុយរយៈពេល​ ៧ខែដោយអ៊ុយក្រែន​ដែលមានគោលបំណងបំបែកកម្លាំងរបស់ទីក្រុងមូស្គូ និងដេីម្បីឱ្យមានប្រៀបខ្លះក្នុងការចរចា។ នេះបេីយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ​ ទី១៧​ ខែមីនា​ ឆ្នាំ​ ២០២៥។

កាលពីខែសីហា​ ឆ្នាំមុន​ កងកម្លាំងអ៊ុយក្រែនបានវាយទម្លុះចូលព្រំដែននៅតំបន់ Kursk​ របស់រុស្ស៉ី​ ហេីយកាន់កាប់បានទឹកដីប្រហែល​ ១​ ៣៦៩គីឡូម៉ែត្រក្រឡា។ ប៉ុន្តែការវាយលុកលឿនដូចផ្លេកបន្ទោររបស់កងកម្លាំងទីក្រុងមូស្គូ​ក្នុងខែនេះ​ បានដណ្តេីមយកមកវិញនូវតំបន់មួយចំនួនដែលស្ថិតក្រោមការកាន់កាប់របស់អ៊ុយក្រែន​។ ឥឡូវនេះអ៊ុយក្រែននៅសល់កន្លែងកាន់កាប់ប្រហែល ១១០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ​។

លោក​ Yuri Podolyaka ដែលជាអ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៉ី​ដ៏ល្បីមួយ​ បានឱ្យដឹងថា​ រុស្ស៉ីបានរុញច្រានកងកម្លាំងអ៊ុយក្រែនឱ្យត្រឡប់ទៅព្រំដែននៅតំបន់ខ្លះ ទោះបីជាការប្រយុទ្ធគ្នាខ្លាំងក្លាកំពុងដំណើរការ ហើយកងកម្លាំងអ៊ុយក្រែនកំពុងវាយបកវិញ​ នៅពេលពួកគេដកថយក៏ដោយ។​ តាមផែនទីសមរភូមិអ៊ុយក្រែន-រុស្ស៉ី​ មានកងកម្លាំងអ៊ុយក្រែន​ ២ក្រុមនៅព្រំដែនប៉ែកខាងក្នុងតំបន់​Kursk ខណៈដែលរុស្ស៉ីអះអាងថា ខ្លួន​កំពុង​បោសសម្អាត​មីន​ជាច្រើន​នៅ​ក្នុង​តំបន់។

គួរបញ្ជាក់ថា​ លោក​ ពូទីន​ បានចោទប្រកាន់កងទ័ពអ៊ុយក្រែនពីការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងជនស៉ីវិល​ នៅតំបន់ Kursk ជាអ្វីដែលទីក្រុងកៀវបានបដិសេធ។ អ៊ុយក្រែននិយាយថា ទាហានកូរ៉េខាងជើង ១១​ ០០០នាក់កំពុងចូលរួមប្រយុទ្ធជាមួយទាហានរុស្ស៉ី​នៅទីនោះ ទោះបីជារុស្ស៉ីនិងកូរ៉េខាងជើងបដិសេធផ្តល់ព័ត៌មានលម្អិតក៏ដោយ៕