(ប៉ារីស)៖​ នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បាននិយាយថា សហភាពអឺរ៉ុប​ (EU) ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​ដេីម្បីឆ្លេីយតបចំពោះការដាក់ពន្ធរបស់សហរដ្ឋអាមេរិក​ និងបានអំពាវនាវឱ្យមានការពិភាក្សាជាថ្មីចៀសវាងការខាតបង់បន្ថែមទៀត​ជុំវិញឧស្សាហកម្មស្រារបស់បារាំង។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ​ ទី១៧​ ខែមីនា​ ឆ្នាំ​ ២០២៥។

និយាយដល់ចំណាត់ការពន្ធគយរបស់​ EU ដេីម្បីឆ្លើយតបនឹងពន្ធរបស់អាមេរិក​លើដែកថែប និងអាលុយមីញ៉ូម​ លោក Bayrou បានលេីកជាសំណួរថា​ «​តេីមានកំហុសមួយចំនួនទេ? ប្រហែលជាមាន​ ពីព្រោះស្រារបស់អឺរ៉ុបក៏ត្រូវរងផលប៉ះពាល់ដែរ​»​។ លោកបន្ថែមថា​ គួរតែយកបញ្ជីផលិផលចាស់ៗដែលបានលេីកលែងពីមុន​ មកពិនិត្យឡេីងវិញ។

គួរបញ្ជាក់ថា​ ជុំទីមួយនៃវិធានការប្រឆាំងរបស់​ EU ទៅនឹងពន្ធគយរបស់សហរដ្ឋអាមេរិកលេីទំនិញរបស់ខ្លួន​ រួមទាំងផលិតផលស្រាវីស្គី​ ត្រូវចូលជាធរមាននាថ្ងៃទី១​ ខែមេសា។​ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់​ ត្រាំ​ បានគំរាមដាក់ពន្ធ ២០០ភាគរយលើស្រាគ្រប់ប្រភេទ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតពី EU ប្រសិនបើប្លុកនេះមិនលុបចោលការយកពន្ធដែលបានគ្រោងទុកនេះ។ ការគំរាមកំហែងរបស់​លោក ត្រាំ បង្កឱ្យមានការខកចិត្តក្នុងចំណោមអ្នកផលិតនៅអឺរ៉ុបដែលពឹងផ្អែកលើការនាំចេញ៕