(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងដោយផ្ទាល់ថា រូបលោកនឹងនិយាយគ្នាជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃអង្គារសប្តាហ៍នេះ ហើយជជែកអំពីកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។

ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយថា «ខ្ញុំនឹងសន្ទនាជាមួយប្រធានាធិបតី ពូទីន នាថ្ងៃអង្គារ។ កិច្ចការជាច្រើនត្រូវបានធ្វើ កាលពីចុងសប្តាហ៍កន្លងទៅ។ យើងចង់ដឹងថា តើយើងអាចរកទីបញ្ចប់សម្រាប់សង្រ្គាម​បានដែរ ឬអត់។ ប្រហែលជាយើងអាច, ប្រហែលជាយើងមិនអាច ក៏ប៉ុន្តែខ្ញុំយល់ថា យើងនឹងមានឱកាសដ៏ប្រសើរមួយ»។

ដោយឡែក នៅពេលត្រូវបានសាកសួរថា តើមានសម្បទានអ្វីខ្លះ ដែលកំពុងស្ថិតក្រោមពិចារណា ក្នុងកិច្ចចរចាបទឈប់បាញ់ លោក ត្រាំ បានឆ្លើយថា «យើងនឹងនិយាយអំពីទឹកដី។ យើងនឹងនិយាយអំពីរោងចក្រថាមពល។ ខ្ញុំគិតថា ចំណុចជាច្រើនត្រូវបានជជែក​រួចរាល់ហើយ ជាមួយភាគីទាំងសងខាង។ យើងបានពិភាក្សារឿងទាំងនេះរួចហើយ គឺអំពីការបែងចែកទ្រព្យសម្បត្តិមួយចំនួន រវាងអ៊ុយក្រែននិងរុស្ស៉ី»។

គួរបញ្ជាក់ថា លោក ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ពូទីន យល់ព្រមទទួលយកបទឈប់បាញ់បណ្ដោះអាសន្នមួយ មានរយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានយល់ព្រមទទួលយក កាលពីសប្ដាហ៍មុន។ ប៉ុន្តែ មកទល់នឹងពេលនេះរុស្ស៉ី មិនបានបដិសេធ តែក៏មិនទាន់យល់ព្រមទទួលយកនោះដែរ ដោយលោក ពូទីន បានដាក់លក្ខខណ្ឌមួយចំនួន ខណៈកងទ័ពរុស្ស៉ីកំពុងខិតកាន់តែជិតទៅរកការបណ្ដេញ កងទ័ពអ៊ុយក្រែនចេញទាំងស្រុង ពីតំបន់ Kursk នៃភាគខាងលិចប្រទេសរុស្ស៉ី៕