(ដាម៉ាស)៖ រដ្ឋាភិបាលបណ្តោះអាសន្ននៅទីក្រុង Damascus នឹងត្រូវចូលរួមក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំរបស់សហភាពអឺរ៉ុប (EU) សម្រាប់ការប្រមូលជំនួយដល់ប្រទេសស៉ីរី ដែលកំពុងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ធ្ងន់ធ្ងរ ហេីយស្ថិតក្នុងនយោបាយមិនច្បាស់លាស់ បន្ទាប់ពីការដួលរលំនៃរបបលោក Bashar al-Assad។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ ២០២៥។
សន្និសីទត្រូវបានរៀបចំឡើងដោយ EU នៅទីក្រុងព្រុចសែលតាំងពីឆ្នាំ ២០១៧ ប៉ុន្តែបានធ្វើឡើងដោយគ្មានវត្តមាន រដ្ឋាភិបាលលោក Assad ដោយសារដែលសកម្មភាពដ៏ឃោរឃៅរបស់លោក ក្នុងសង្គ្រាមស៉ីវិលដែលបានចាប់ផ្តើមនៅឆ្នាំ ២០១១។ បន្ទាប់ពីការផ្តួលរំលំលោក Assad ក្រុមមន្ត្រី EU សង្ឃឹមថានឹងប្រើប្រាស់សន្និសីទនេះ ជាការចាប់ផ្តើមថ្មី ទោះបីជាមានការព្រួយបារម្ភជុំវិញអំពើហិង្សាដ៏សាហាវ ប្រឆាំងក្រុមអ្នកស្មោះត្រង់នឹងលោក Assad ក្នុងខែនេះក៏ដោយ។
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្ន លោក Asaad al-Shibani ត្រូវបានគេរំពឹងថានឹងចូលជាមួយ បណ្តារដ្ឋមន្ត្រីអឺរ៉ុប និងអារ៉ាប់ ក៏ដូចជាអ្នកតំណាងមកពីអង្គការអន្តរជាតិជាច្រេីននាក់ទៀត។ សន្និសិទឆ្នាំមុនបានផ្តល់ការសន្យា ជាថវិកា ៧.៥ពាន់លានអឺរ៉ូ ឬ៨.១ពាន់លានដុល្លារជាប្រាក់ជំនួយ និងប្រាក់កម្ចី ក្នុងនោះ EU សន្យាផ្តល់ ២.១២ពាន់លានអឺរ៉ូ សម្រាប់ ២០២៤និង២០២៥។ បេីតាម EU ប្រជាជនស៉ីរីប្រហែល ១៦.៥លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ ក្នុងនោះ ១២.៩លាននាក់ត្រូវការស្បៀងអាហារ។
គួរបញ្ជាក់ថា ក្រុម Hayat Tahrir al-Sham បានផ្តួលរំលំរបបលោក Assad និងនៅតែត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាអង្គការភេរវករ ប៉ុន្តែក្រុមមន្ត្រីសហភាពអឺរ៉ុបចង់សាកល្បងធ្វេីការជាមួយមេដឹកនាំថ្មី ដរាបណាពួកគេប្រកាន់ខ្ជាប់ នូវការសន្យាផ្ទេរអំណាចដោយសន្តិភាព៕