(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានត្រៀមខ្លួនច្រើនជាងមុនសម្រាប់អាណត្តិទីពីរ ដោយផែនទីបង្ហាញផ្លូវច្បាស់លាស់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ ២០២៥។
លោក Modi បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយសំដៅទៅលើអាណត្តិទីពីររបស់លោក ត្រាំ ថា «លើកនេះគាត់ហាក់ដូចជាបានរៀបចំច្រើនជាងមុន។ គំនិត និងជំហានជាក់លាក់នីមួយៗត្រូវបានបង្កើតឡើងដើម្បីឆ្ពោះទៅរក គោលដៅរបស់គាត់»។
លោក Modi ក៏បានសរសើរលោក ត្រាំ ថា «មានភាពទន់ភ្លន់ និងភាពរាក់ទាក់ក្នុងជំនួបកាលពីខែមុន ហេីយស្មារតី America First ឆ្លុះបញ្ចាំងពីការគិតគូរចំពោះប្រជាជាតិ ដូចខ្ញុំដែរ នោះហើយជាមូលហេតុដែលយើងភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អ»។
គួរបញ្ជាក់ថា ឥណ្ឌាស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្ម ដែលត្រូវប្រឈមមុខនឹងពន្ធគយរបស់សហរដ្ឋអាមេរិក ចាប់ពីខែមេសា ដែលអាចនាំទុក្ខមកដល់អ្នកនាំចេញរបស់ខ្លួន នៅវិស័យរាប់ចាប់ពីឧស្សាហកម្មរថយន្តដល់កសិកម្ម៕