(ព្រុចសែល)៖​ ប្រទេសលីទុយអានី​ បានគាំទ្រផែនការ​របស់សហភាពអឺរ៉ុប​ (EU) ដើម្បីផ្តល់ជំនួយយោធា​ ៤០ពាន់លានអឺរ៉ូ​ ឬ​ ៤៣.៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន​ នៅឆ្នាំនេះ ហើយថាចំនួនស្រដៀងគ្នានេះក៏នឹងមានតម្រូវការផងដែរ​ នៅប៉ុន្មានឆ្នាំខាងមុខ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៉ី​ នាពេលអនាគត។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ​ ទី១៧​ ខែមីនា​ ឆ្នាំ​ ២០២៥។

រដ្ឋមន្រ្តីការបរទេសលីទុយអានី​ លោក​ Kestutis Budrys​ បានប្រាប់​ Reuters ថា «​បើយើងអាចរក្សាចំនួននេះ សម្រាប់រយៈពេលវែង​ វានឹងអនុញ្ញាតឱ្យអ៊ុយក្រែនរក្សាសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ពួកគេបានដូចបច្ចុប្បន្ន»

ស្របពេលប្រទេសមួយចំនួនក្នុងប្លុក​ បានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នចំពោះគំនិតផ្តួចផ្តើមនេះ លោក Budrys និយាយថា ការគាំទ្រផ្នែកយោធារយៈពេលវែងសម្រាប់អ៊ុយក្រែន មិនចាំបាច់ទាល់តែចេញលទ្ធផលនៃកិច្ចចរចាសន្តិភាពទេ​ ច្បាស់ណាស់ទីក្រុងកៀវត្រូវការកងកម្លាំងប្រដាប់អាវុធខ្លាំង​ ដេីម្បីរារាំង​រុស្ស៊ី​មិន​ឱ្យ​ត្រឡប់​មក​ជាថ្មី។

គួរបញ្ជាក់ថា​ លីទុយអានី ស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់អ៊ុយក្រែន ចាប់តាំងពីមានសង្រ្គាមឈ្លានពានរបស់រុស្ស៉ី​នៅឆ្នាំ​ ២០២២​ ហើយស្ថិតក្នុងចំណោមអ្នកចំណាយផ្នែកការពារជាតិកំពូលរបស់អឺរ៉ុប​។​ ការកត់សម្គាល់របស់លោក​ Budrys នេះបានធ្វេីឡេីងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​ EU ដែលគ្រោងពិភាក្សាលេីសំណេីដែលដាក់ចេញ ដោយសេវាការទូតរបស់ប្លុក៕