(ប៉េកាំង)៖ ខែមីនា ឆ្នាំ២០២៥ ជាពេលវេលានៃការរៀបចំ “មហាសន្និបាតសភាទាំងពីរ” របស់ចិន ដែលមកពីពាក្យពេញថា “មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន”និង “មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន” ជារៀងរាល់ឆ្នាំ ប្រទេសចិនបានបើកកិច្ចប្រជុំពេញអង្គជាបន្តបន្ទាប់គ្នា ក្នុងមួយអាណត្តិមានចំនួន ៥ ឆ្នាំ។ ក្នុងពេលបើក “មហាសន្និបាតសភាទាំងពីរ” អ្នកតំណាង “មហាសន្និបាតសភាទាំងពីរ” នឹងធ្វើការប្រមូលនិងរៀបចំមតិ និង សំណូមពរដែលទទួលបានពីប្រជាជន ហើយបញ្ជូនទៅឱ្យមជ្ឈឹមបក្ស។
មហាសន្និបាតសភាតំណាង ប្រជាជនទូទាំងប្រទេសចិន គឺជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិន។ នៅប្រទេសចិន ប្រជាជនជ្រើសរើសតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយប្រជាធិបតេយ្យ ហើយបង្កើតបានជាមហាសន្និបាត សភាតំណាងប្រជាជន ដើម្បីប្រមូលផ្ដុំការអនុវត្តសិទ្ធិអំណាចរបស់រដ្ឋ។
ពិភពលោកនៅចាំបានយ៉ាងច្បាស់ថា ប្រធានរដ្ឋចិនបានអធិប្បាយគ្រប់ជ្រុងជ្រោយ ពោរពេញដោយភក្តីភាពក្នុង កិច្ចកសាងប្រទេសចិនប្រកបដោយវិបុលភាព ឧត្តមភាព និង លក្ខណៈពិសេសនៃប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការទាំងមូល និងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍប្រព័ន្ធនយោបាយប្រជាធិបតេយ្យ និង សេដ្ឋកិច្ចសង្គមនិយមបែបចិនក្នុងយុគសម័យថ្មី។ បទពិសោធន៍របស់ប្រទេសចិនលើ ប្រព័ន្ធមហាសន្និបាតទាំង២នេះ ត្រូវបានបណ្តាប្រទេសនានាបាននិងកំពុងឈ្វេងយល់ រៀនសូត្រ ចែករំលែក និងបង្កើនការតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសប្រធានបទសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលនឹងត្រូវប្រសូតចេញពីមហាសន្និបាតសភាទាំងពីរ ក្នុងឆ្នាំ២០២៥នេះ។
ជាលទ្ធផល យើងមើលឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆ្នាំ២០២៤ សម្រាប់ប្រជាជនម្នាក់ៗ បានកើនដល់ប្រមាណ $13,000 ដុល្លារអាមេរិក ដែលកំណើននេះ មានល្បឿនលឿនគួរឱ្យកត់សម្គាល់ ដែលអាចធ្វើឱ្យពិភពលោកមើលឃើញនូវ ការអភិវឌ្ឍរបស់ចិនតាមរយៈការបើកចំហរសេដ្ឋកិច្ច មានការជឿជាក់លើមាគ៌ាទំនើបកម្មសង្គមនិយម តាមបែបផែនចិន ព្រោះមហាសន្និបាតទាំងពីរនេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យបើកចំហរ កម្រិតខ្ពស់ ទូលាយ និង មានឋាមភាព រួមចំណែកក្នុងការដឹកនាំប្រទេស និង ប្រជាជាតិចិនឆ្ពោះទៅរកភាពជឿនលឿន ក្នុងសាកលលោក។
ការដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្រ្តនានានៃមហាសន្និបាតសភាទាំងពីរ បានដឹកនាំឱ្យប្រទេសចិនមានការអភិវឌ្ឍ និង រីកចម្រើនគួរឱ្យកត់សម្គាល់ជាពិសេសលើវិស័យសេដ្ឋកិច្ច ក្នុងខណៈដែលពិភពលោកកំពុងជួបប្រទះ នូវភាពមិនប្រាកដច្បាស់ នៃការលូតលាស់ផ្នែកសេដ្ឋកិច្ច និង ការបង្កនូវភាពតានតឹងដល់វិស័យពាណិជ្ជកម្ម ដែលបានកំណត់ដោយលោក ត្រាំ ។ កម្លាំងចលករផលិតកម្ម ក្នុងវិស័យសេដ្ឋកិច្ចចិន ក៏នៅតែមានឋាមពលខ្ពស់នៅក្នុងការវិលទៅមុខ មិនរាថយក្នុងបរិបទនៃភាពមិនប្រាកដច្បាស់ ក៏ដូចជាក្នុងបរិបទនៃសំពាធពាណិជកម្មផងដែល ដែលទាំងនេះ យើងវិភាគឃើញថា សុទ្ធតែបានកើតចេញពីការកំណត់គោលនយោបាយ និង គោលជំហររបស់ចិនតាមរយៈមហាសន្នបាទទាំងពីររបស់ចិន។
យើងខ្ញុំយល់ថា មហាសន្និបាតទាំងពីររបស់ចិន ជាមហាសន្នបាតដ៏មានសារសំខាន់បំផុតមួយសម្រាប់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេសនានាលើសាកលលោក យកគំរូតាម ដើម្បីធ្វើការស្តាប់មតិរបស់ប្រជាជន និង កំណត់គោលនយោបាយអាទិភាពបានត្រឹមត្រូវ សម្រាប់បង្កើននូវភាពស៊ាំ សម្រាប់សេដ្ឋកិច្ចក្នុងដំណាក់បច្ចុប្បន្ននេះ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា