(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្លាមៗក្រោយការបោះឆ្នោតសកលមុនអាណត្តិរបស់អាល្លឺម៉ង់ លោក Friedrich Merz ជាប្រធានគណបក្ស Christian Democratic Union និងដែលជា អនាគតអធិការបតីថ្មីរបស់អាល្លឺម៉ង់ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយអំពីអនាគតឆត្រនុយក្លេអ៊ែរសម្រាប់អឺរ៉ុបថា «យើងត្រូវការពិភាក្សាជាមួយចក្រភពអង់គ្លេស និងបារាំង ដែលជាមហាអំណាចអឺរ៉ុបតែ២គត់ ដែលមានអាវុធនុយក្លេអ៊ែរថាតើការចែករំលែកនុយក្លេអ៊ែរ ឬយ៉ាងហោចសន្តិសុខនុយក្លេអ៊ែរពីចក្រភពអង់គ្លេស និងបារាំងអាចនឹងអនុវត្តលើពួកយើងបានដែរឬក៏យ៉ាងណា»? ការកត់សម្គាល់របស់លោក Merz ធ្វើឡើងចំពេលអឺរ៉ុបកំពុងមានការសង្ស័យរឹតតែខ្លាំងលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្រោមអាណត្តិលោក ដូណាល់ ត្រាំ ចំពោះសន្តិសុខអឺរ៉ុប។

ប៉ុន្តែ ឥលូវសំណួរសំខាន់នៅទីនេះ នោះគឺថាតើចក្រភពអង់គ្លេស និងបារាំងអាចធ្វើជាឆត្រនុយក្លេអ៊ែរការពារអឺរ៉ុបជំនួសសហរដ្ឋអាមេរិកបានដែរឬទេ? នៅក្នុងស្ថានភាពសព្វថ្ងៃ កងកម្លាំងនុយក្លេអ៊ែរបារាំង និងចក្រភពអង់គ្លេស គឺជាកម្លាំងជំនួយបន្ថែមដល់ឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយអ្នកជំនាញមួយចំនួនយល់ថាប្រទេសទាំង២នឹងមិនអាចធ្វើជាឆត្រនុយក្លេអ៊ែរការពារអឺរ៉ុបបានឡើយ ក្នុងករណី អាមេរិកដកកងកម្លាំងនុយក្លេអ៊ែរភ្លាមៗ។ បារាំង និងចក្រភពអង់គ្លេសមិនបាន ហើយក៏នឹងមិនអាចផ្ដល់ការធានាសន្តិសុខដូចដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យ NATO នោះទេ។ មហាអំណាចអឺរ៉ុបទាំង២ សឹងតែ ត្រូវបានគេចាត់ទុកគ្រាន់តែជាកម្លាំងជំនួយបន្ថែមដល់យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិកដើម្បីកំញើញសត្រូវ។ ការចូលរួមចំណែករបស់មហាអំណាចនុយក្លេអ៊ែរតែ ២គត់នៅអឺរ៉ុបនេះទៀតសោតចំពោះ យុទ្ធសាស្ត្រនុយក្លេអ៊ែរនៃបក្សសម្ព័ន្ធយោធា NATO ទាំងមូល ត្រូវបានទទួលស្គាល់ចាប់តាំងពីកិច្ចប្រជុំទីក្រុង Ottawa ឆ្នាំ១៩៧៤ (Ottawa summit of 1974)។

តែទោះជាបែបនេះក្ដី រចនាសម្ព័ន្ធឃ្លាំងអាវុធនុយក្លេអ៊ែរ និងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់បារាំង និងចក្រភពអង់គ្លេស ធ្វើឱ្យគេមើលឃើញថាវាទំនងជានឹងមិនអាចទៅរួចទេដែលប្រទេសទាំង២មានបំណង ឬមានសមត្ថភាពជំនួសឆត្រនុយក្លេអ៊ែរអាមេរិក ក្នុងករណីអាមេរិកដកខ្លួនចេញទាំងស្រុង។ ហេតុផលទី១៖ នោះគឺទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំង និងអង់គ្លេសត្រូវបានកែសម្រួលយ៉ាងហ្មត់ចត់ដើម្បី ឆ្លើយតបទៅនឹងការវាយប្រហារណាមួយ ដោយផ្អែកលើផលប្រយោជន៍ស្នូលរបស់ពួកគេ។ បារាំងមានក្បាលគ្រាប់នុយក្លេអ៊ែរជិត ៣០០គ្រាប់ រីឯអង់គ្លេសមានជិត ២៥០គ្រាប់ បើធៀបទៅនឹងសហរដ្ឋអាមេរិក មានដល់ទៅ ១៧០០គ្រាប់ ដែលត្រូវបានដាក់ពង្រាយសម្រាប់ការប្រើប្រាស់រួចជាស្រេច។ ទី២៖ អាវុធនុយក្លេអ៊ែរសព្វថ្ងៃដែលសហរដ្ឋអាមេរិកដាក់ពង្រាយនៅលើទឹកដីអឺរ៉ុបគឺជាប្រភេទអាវុធនុយក្លេអ៊ែរទម្លាក់ ឬបាញ់ចេញពីយន្ដហោះយោធា ជាជាងបាញ់ចេញពីនាវាមុជទឹក ឬជើងទម្របាញ់នៅលើដី ឬក៏ក្រោមដី។ លើសពីនេះទៅទៀត នៅក្នុងចំណោមហាអំណាចនុយក្លេអ៊ែរអឺរ៉ុបតែ២គត់ គឺមានតែបារាំងប៉ុណ្ណោះ ដែលមានសមត្ថភាពទម្លាក់ ឬបាញ់អាវុធនុយក្លេអ៊ែរចេញពីយន្ដហោះចម្បាំង។ ដូច្នេះចង់ជំនួសឆត្រនុយក្លេអ៊ែរអាមេរិក វាតម្រូវឱ្យមានកិច្ចប្រឹងប្រែងដ៏មហិមារមួយពីសម្ព័ន្ធមិត្តអឺរ៉ុប ហើយដែលនេះជារឿងកាន់តែពិបាកទៅរួចទៅទៀត។ ទី៣ និងសំខាន់បំផុត៖ គឺថាបារាំង និងអង់គ្លេសមិនមានយុទ្ធសាស្ត្រនុយក្លេអ៊ែរដែលស៊ីគ្នាទៅនឹងគំនិតនៃការពង្រីកឆត្រនុយក្លេអ៊ែរតាមរយៈការដាក់ពង្រាយ ឬដំឡើងអាវុធនុយក្លេអ៊ែរ នៅលើទឹកដីនៃប្រទេសដទៃផ្សេងទៀតនោះទេ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថាអាវុធនុយក្លេអ៊ែររបស់ខ្លួនត្រូវបានកំណត់រួចហើយដើម្បីការពារ NATO។ ចំណែក បារាំងវិញ មិនបានចូលរួមក្នុងក្រុមការងារផែនការនុយក្លេអ៊ែររបស់ NATO ឡើយ ហើយមានយុទ្ធសាស្ត្រនុយក្លេអ៊ែរមួយដែលអាស្រ័យលើឯករាជ្យភាពនៃការសម្រេចចិត្តខាងនុយក្លេអ៊ែររបស់ខ្លួនឯងផ្ទាល់៕