(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃអង្គារ ទី១៨ ខែមីនា បានប្រកាសថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចា ស្ដីពីបទឈប់បាញ់បានជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងកម្លាំងការពារអ៉ីស្រាអែល IDF និងទីភ្នាក់សន្តិសុខអ៉ីស្រាអែល បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាពួកគេបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយដោយកំណត់គោលដៅលើក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា។ ចំណែក ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលវិញ ក៏បានបញ្ជាក់ដែរថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៉ីស្រាអែលចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំង ក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមមួយនេះចំពោះការដោះលែងចំណាប់ខ្មាំង និងបានច្រានចោលរាល់សំណើបទឈប់បាញ់ទាំងអស់។ «ចាប់ពីឥលូវនេះទៅ អ៉ីស្រាអែលនឹងធ្វើសកម្មភាព ប្រឆំាងហាម៉ាសជាមួយការបង្កើនអំណាចយោធា»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យលោក Netanyahu។

ក្រោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មន្ត្រីហាម៉ាស លោក Basem Naim បានអះអាងថាមានមនុស្សយ៉ាងហោច ៣៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ហើយលោកបានចោទ អ៉ីស្រាអែលថាបានបិទបញ្ចប់បទឈប់បាញ់ដោយឯកតោភាគី ដែលនេះនឹងធ្វើឱ្យចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សាស្ថិតក្នុងហានិភ័យនៃជោគវាសនាមិនច្បាស់លាស់៕