(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែមីនាថាយន្ដហោះយោធាចិន ៥៩គ្រឿង បានធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te

បានចាត់ទុកចិនជា «កម្លាំងអរិភាព​ក្រៅ​ប្រទេ​ស»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមក្រសួងការពារជាតិតៃវ៉ាន់ អមជាមួយយន្ដហោះយោធា ៥៩គ្រឿង នាវាចម្បាំងចិន ៩គ្រឿង និងបាឡុង២គ្រឿងក៏ត្រូវបានប្រទះឃើញធ្វើសកម្មភាពនៅក្បែរតៃវ៉ាន់ផងដែរ ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង ៦៖០០នាទីព្រឹក នៅថ្ងៃអង្គារនេះ។ ក្រសួងបន្ថែមទៀតថា ក្នុងចំណោមយន្ដហោះយោធាទាំង៥៩គ្រឿងនោះទៀតសោត មាន៥៤គ្រឿងបានចូលរួមក្នុងប្រតិបត្តិការល្បាតត្រៀមលក្ខណៈប្រយុទ្ធកាលពីថ្ងៃចន្ទ។

ព្រមពេលជាមួយគ្នា ក្រសួងការបរទេសចិនបាននិយាយថាសកម្មភាពយោធារបស់ចិនគឺជាសារព្រមានមួយទៅកាន់ក្រុមឧទ្ទាមផ្ដាច់ខ្លួនដែលចង់ឱ្យតៃវ៉ាន់មានឯករាជ្យ។ ចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ ខ្លួន និងបានគំរាមថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ ក្នុងករណីចាំបាច់។ ជាការបង្កើនទម្ងន់លើការគំរាមរបស់ខ្លួន ចិនបានបង្កើនការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងឱ្យធ្វើសកម្មភាពនៅ ក្បែរកោះតៃវ៉ាន់ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក Lai Ching-te បានចាត់ទុកចិនជា «កម្លាំងអរិភាព​ក្រៅ​ប្រទេ​ស» ខណៈរូបលោកស្នើឱ្យមានការចាត់វិធានការទប់ទល់នឹងការជ្រៀតចូលរបស់ចិនក្នុងតៃវ៉ាន់៕