(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល បានពិគ្រោះយោបល់ជាមុនជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មុននឹងដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា។ នេះជា ការគូសបញ្ជាក់របស់សេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Hannity របស់ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ ទី១៧ ខែមីនា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលបានពិគ្រោះ យោបល់ជាមុនជាមួយរដ្ឋបាលត្រាំ និងសេតវិមានអំពីការវាយប្រហាររបស់ពួកគេនៅយប់នេះ»។ លោកស្រីបន្ថែមថា «ប្រធានាធិបតីត្រាំ បានបញ្ជាក់ច្បាស់ៗថាហាម៉ាស ហ៊ូទី អ៉ីរ៉ង់ និងអ្នកទាំងឡាយ ដែលចង់ ធ្វើភេរវកម្មប្រឆាំងនឹងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក នោះពួកគេនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម»

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោច១០០នាក់ ក្នុងនោះរួមមានទាំងកុមារជាច្រើននាក់ រួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ហាម៉ាស លោក Mahmoud Abu Watfa ត្រូវបានសម្លាប់ និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោច ៣៥លើករបស់អ៉ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា។ ការវាយប្រហារត្រូវបានរាយការណ៍ នៅតាម ទីតាំងជាច្រើនកន្លែងរួមមាន ភាគខាងជើងតំបន់ហ្កាហ្សា ទីក្រុងហ្កាហ្សា ព្រមទាំងទីក្រុង Deir al-Balah, Khan Younis និងទីក្រុង Rafah ក្នុងភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ មន្ត្រីហាម៉ាស លោក Basem Naim បានចោទអ៉ីស្រាអែលថាបានបិទបញ្ចប់បទឈប់បាញ់ដោយឯកតោភាគី ដែលនេះនឹងធ្វើឱ្យចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា ស្ថិតក្នុងហានិភ័យនៃជោគវាសនាមិនច្បាស់លាស់។

យោធាអ៉ីស្រាអែល នៅថ្ងៃអង្គារនេះដែរ បានប្រកាសថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់ បានជាប់គាំង។ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលវិញ ក៏បានបញ្ជាក់ដែរថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៉ីស្រាអែលចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំង ក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមមួយនេះចំពោះការដោះលែងចំណាប់ខ្មាំង និងបានច្រានចោលរាល់សំណើបទឈប់បាញ់ទាំងអស់៕