(ព្រុចសែល)៖ អ៉ីតាលី និងអេស្ប៉ាញ បានបញ្ជាក់យ៉ាងច្បាស់ថាមិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់សហភាពអឺរ៉ុប (EU) ក្នុងការផ្តល់ជំនួយយោធាចំនួន ៤០ពាន់លានអឺរ៉ូ ឬ ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំ ២០២៥នេះទេ ហើយថាការរួមចំណែករបស់ប្រទេសនីមួយៗគឺផ្អែកលើទំហំនៃសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។
មុនកិច្ចប្រជុំនៅទីក្រុងព្រុចសែល អ៉ីតាលី និងអេស្ប៉ាញ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ៣ និងទី ៤របស់ EU បាននិយាយថា វាលឿនពេកក្នុងការប្រកាន់ជំហរច្បាស់លាស់ចំពោះផែនការបង្កើនជំនួយ សូម្បីតែបារាំងក៏បានលើកជាសំណួរដែរ។ លោក Antonio Tajani រដ្ឋមន្ត្រីការបរទេសអ៉ីតាលី និយាយថា «ផែនការនេះនឹងត្រូវពិភាក្សាគ្នាយ៉ាងស៉ីជម្រៅ»។ រីឯរដ្ឋមន្ត្រីការបរទេសអេស្បាញ លោក Jose Manuel Albares និយាយថា «យើងនឹងមានជជែកដេញដោលគ្នា ប៉ុន្តែពេលនេះមិនមានការសម្រេចចិត្តណាមួយទេ»។
គួរបញ្ជាក់ថា ផែនការដែលស្នើឡើងដោយប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas មានន័យថា ការគាំទ្រផ្នែកយោធារបស់ EU សម្រាប់អ៊ុយក្រែននឹងកើនឡើងទ្វេដង ខណៈដែលប្លុក និងសមាជិករបស់ខ្លួនបានផ្តល់ថវិកា ២០ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៤។ ផែនការនេះ ទទួលបានការគាំទ្រខ្លាំងពីបណ្តាប្រទេសអឺរ៉ុបខាងជើង និងខាងកើត។ ប៉ុន្តែភាពច្របូកច្របល់ក្នុងចំណោមប្រទេសនៅអឺរ៉ុបប៉ែកខាងត្បូង ឆ្លុះបញ្ចាំងឱ្យឃើញពីការបែងចែកភូមិសាស្រ្តតំបន់ ដោយប្រទេសដែលនៅជិតរុស្ស៉ី បានផ្តល់ជំនួយដល់អ៊ុយក្រែន ច្រើនជាងប្រទេសដែលនៅឆ្ងាយពីរុស្ស៉ី៕