(ឡុងដ៏)៖ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) គ្រោងបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៉ី ហើយជំរុញគំនិតផ្តួចផ្តើមនៃវិស័យការពារជាតិ ខណៈដែលប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas ត្រូវជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy និងរដ្ឋមន្ត្រីការពារជាតិ John Healey នៅក្នុងទីក្រុងឡុងដ៍ នាថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជំនួបនោះនឹងរួមបញ្ចូលនូវការបង្កើនសកម្មភាពប្រឆាំងការគំរាមកំហែងចម្រុះ ដូចជាការវាយប្រហារតាមអ៉ីនធឺណេត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៉ី។ លោកស្រី Kallas និងលោក Lammy ក៏នឹងកំណត់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងពិនិត្យឡើងវិញ ដើម្បីជំរុញការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុប តាមរយៈ «គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត» និងការត្រៀមលក្ខណៈខាងយោធាសម្រាប់គាំទ្រអង្គការណាតូ (NATO)។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស និង EU ជាមួយដៃគូអន្តរជាតិផ្សេងទៀត បានរួមគ្នាដាក់ទណ្ឌកម្មលើរុស្ស៉ី គិតជាថវិកា ៤៥០ពាន់លានដុល្លារ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ គ្រាដែលសង្រ្គាមឈ្លានពានអ៊ុយក្រែនផ្ទុះឡើង៕