(ឡុងដ៍)៖ កាលពីថ្ងៃចន្ទ ទី១៧ ខែមីនា អ្នកនាំពាក្យរបស់លោក លោក Keir Starmer នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា ឥឡូវនេះមានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់ កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ចក្រភពអង់គ្លេសនិងបារាំង បានរួមគ្នាដឹកនាំកិច្ចប្រឹងប្រែង ដើម្បីផ្តល់ផែនការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។ នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ត្រាំ នឹងសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីជជែកអំពីសង្រ្គាមអ៊ុយក្រែន។

អ្នកនាំពាក្យរបស់លោក Starmer បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសសរុបច្រើនជាង៣០ ត្រូវបានរំពឹងថា នឹងចូលរួមពាក់ព័ន្ធ ក្នុងផែនការនេះ។ អ្នកនាំពាក្យបានបន្តថា សមត្ថភាពចូលរួមចំណែកពីប្រទេសនីមួយៗនឹងខុសៗគ្នា ប៉ុន្តែវានឹងជាកងកម្លាំងធំមួយ ដោយមានប្រទេសជាច្រើនចូលរួមផ្តល់កងទ័ព។

រុស្ស៉ីធ្លាប់បានច្រានចោលម្តងហើយម្តងទៀត នូវគំនិតដាក់ពង្រាយកងទ័ពមកពីបណ្តាប្រទេស នៃអង្គការ NATO នៅអ៊ុយក្រែន។ ថ្មីៗនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា រឿងដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព នៅអ៊ុយក្រែន គឺសម្រាប់ឱ្យទីក្រុងកៀវជាអ្នកសម្រេច មិនមែនទីក្រុងមូស្គូនោះទេ។

នៅពេលត្រូវបានសាកសួរអំពី ការជំទាស់របស់រុស្ស៉ីចំពោះវត្តមានកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នៅអ៊ុយក្រែន អ្នកនាំពាក្យខាងលើ បានឆ្លើយតបថា គ្រប់គ្នាគួរតែចងចាំថា រុស្ស៉ីមិនបានសួរអ៊ុយក្រែននោះឡើយ នៅពេលដែលខ្លួនបានដាក់ពង្រាយ កងទ័ពកូរ៉េខាងជើង នៅសមរភូមិមុខ កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនិងបារាំង ក៏កំពុងតែរួមគ្នាបន្តជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ផងដែរ ដើម្បីទប់ស្កាត់កុំឱ្យមានការវាយប្រហារដទៃទៀតរបស់រុស្ស៉ី នាពេលអនាគត ក្រោយសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព៕