(ព្យុងយ៉ាង)៖ យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃអង្គារ ទី១៨ ខែមីនា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសយេម៉ែន បាននិយាយថា កូរ៉េខាងជើងថ្កោលទោស ការបើកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះនៅយេម៉ែន គឺជាទង្វើរំលោភបំពានច្បាប់អន្តរជាតិ និងអធិបតេយ្យរបស់ប្រទេសដទៃ ហើយមិនអាចយកហេតុផលណាមួយ មកការពារបានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីចុងសប្តាហ៍កន្លងទៅនេះ យោធាអាមេរិក បានចាប់ផ្តើមបើកការយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំ ក្រោមបញ្ជាប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រឆាំងក្រុមហ៊ូទីដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមនេះ លើកប៉ាល់ដឹកជញ្ជូននៅតំបន់សមុទ្រក្រហម។ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយហ៊ូទី បានអះអាងថា ការវាយប្រហាររបស់អាមេរិក បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៥៣នាក់ រួមមានទាំងស្រ្តីនិងកុមារ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បាននិយាយថា ការវាយប្រហារយោធារបស់អាមេរិក គឺវាការវាយប្រហារដោយមិនគិតគូរអំពីជនស៉ីវិល និងទ្រព្យសម្បត្តិ ហើយបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ មិនតែប៉ុណ្ណោះ វាជាការបំពានទាំងបើកចំហលើអធិបតេយ្យទឹកដីរបស់ប្រទេសដទៃមួយទៀត ដែលមិនអាចលើកយកហេតុផលណាមួយ មកការពារបានឡើយ។
ជាចុងក្រោយ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងរូបនោះ បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង មានក្តីកង្វល់ជាខ្លាំង អំពីសកម្មភាពយោធា ដែលខុសច្បាប់និងខ្វះការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក ដែលងប់ងុលជាមួយមហិច្ឆតាភូមិសាស្រ្តនយោបាយរបស់ខ្លួន ហើយកូរ៉េខាងជើងថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការចំពោះទង្វើទាំងនេះ៕