(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទ ទី១៧ ខែមីនា នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បាននិយាយថា ប្រទេសរបស់លោក កំពុងពិនិត្យលទ្ធភាពនៃជម្រើសផ្សេងទៀត ដើម្បីជំនួសកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងអាមេរិក ដោយហេតុផលមួយផ្នែក គឺព្រោះតែ​កាណាដាពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក សម្រាប់វិស័យសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ Reuters។

លោក Carney បានអត្ថាធិប្បាយដូចខាងលើ បន្ទាប់ពីបញ្ជាឱ្យមានការពិនិត្យឡើងវិញ លើកិច្ចសន្យាទំហំ ១៩ពាន់លានដុល្លារកាណាដា ឬស្មើនឹង១៣.២៩ពាន់លានដុល្លារអាមេរិក សម្រាប់ការទិញយន្តហោះចម្បាំងធុន F-35 ចំនួន ៨៨គ្រឿង ពីក្រុមហ៊ុនអាមេរិក Lockheed Martin ស្របពេលដែលកាណាដា ឥឡូវនេះ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម​ជាមួយអាមេរិក។

ក្រសួងការពារជាតិកាណាដា បាននិយាយថា កិច្ចសន្យាសម្រាប់ពេលនេះ បន្តនៅដដែល ហើយទីក្រុងអូតាវ៉ា បានធ្វើការប្តេជ្ញា​តាមផ្លូវច្បាប់ ស្តីពីការបង់ថវិកាសម្រាប់យន្តហោះ F-35 ១៦គ្រឿងដំបូង។ យ៉ាងណាមិញ លោក Carney បានបញ្ជាក់ច្បាស់ៗថា កាណាដា នឹងស្វែងរកជម្រើសផ្សេងដោយភាពប្រាកដប្រជា។ លោកនាយករដ្ឋមន្រ្តីកាណាដា បានលើកឡើងថា «ជាក់ស្តែង ទំនាក់ទំនងសន្តិសុខរបស់យើង គឺផ្តោតខ្លាំងជ្រុលពេកលើសហរដ្ឋអាមេរិក។ យើងចាំបាច់ត្រូវតែធ្វើពិពិធកម្ម ខណៈកាណាដា បានចំណាយដល់ទៅប្រហែល៨០ភាគរយ នៃកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន លើសព្វាវុធពីអាមេរិក»

គួរបញ្ជាក់ថា កាណាដា បានចុះកិច្ចព្រមព្រៀងយន្តហោះចម្បាំង F-35 កាលពីឆ្នាំ២០២៣ ហើយរំពឹងទទួលបានយន្តហោះដំបូង នៅឆ្នាំ២០២៦។ មកទល់ពេលនេះ ទីក្រុងអូតាវ៉ា បានបន្តពន្យាអាយុកាលប្រើប្រាស់ នៃក្រុមយន្តហោះចម្បាំង CF-18 របស់ខ្លួន ដែលមួយចំនួនមានអាយុច្រើនជាង៤០ឆ្នាំទៅហើយ។ យន្តហោះចម្បាំងទាំងនេះ ត្រូវបានរំពឹងថា នឹងបន្តហោះហើររហូតដល់ឆ្នាំ២០៣២៕