(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវតែឈប់ធ្វើអត្ថាធិប្បាយដែលគ្មានការគោរពចំពោះកាណាដា មុនពេលប្រទេសទាំងពីរ អាចចាប់ផ្តើមការពិភាក្សាច្បាស់លាស់ អំពីទំនាក់ទំនងនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។
លោក ត្រាំ ដែលបាននិងកំពុងយកពន្ធគយលើទំនិញរបស់កាណាដា ជារឿយៗបាននិយាយថា កាណាដាគួរតែក្លាយជារដ្ឋទី ៥១របស់អាមេរិក។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងឡុងដ៏ លោក Carney គូសបញ្ជាក់ថា «យើងចាត់ទុក ការអត្ថាធិប្បាយបែបនោះ ថាគ្មានការគោរព ហើយត្រូវតែបញ្ឈប់ មុនពេលយើងអង្គុយជជែកគ្នា អំពីភាពជាដៃគូព្រំដែន ជាមួយសហរដ្ឋអាមេរិក»។ លោកបន្ថែមថា «កាណាដាចង់បានការពិភាក្សា និងការចរចាដ៏ទូលំទូលាយ ជុំវិញទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខរួមនៃប្រទេសជិតខាងទាំងពីរ។ នៅពេលអាមេរិករួចរាល់សម្រាប់ការសន្ទនា យើងក៏នឹងត្រៀមខ្លួនហើយដែរដើម្បីជជែកគ្នា»។
គួរបញ្ជាក់ថា ទាក់ទងនឹងវិធានការពន្ធ កាណាដាបានសងសឹកដោយយកពន្ធលើទំនិញនាំចូលរបស់អាមេរិក ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ តាមលោក Carney ទីក្រុងអូតាវ៉ា នឹងចាត់វិធានការឆ្លើយតបណាមួយ ដែលខ្លួនគិតថាសាកសម ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕